ប្រទេសថៃ ៖ នំគ្រក់ គឺជាអាហាររបស់ខ្មែរយើងតាំងពីយូរយាណាស់មកហើយ ដែលនំនេះធ្វើឡើងពីម្សៅអង្ករលាយជាមួយបាយកក ដាក់ខ្ទះដូង និងចម្អិនដោយអំបែងដីមានរន្ធតូចៗ ។ ពេលឆ្អិន ខ្មែរយើងបានយកនំគ្រក់មកផ្គុំជាប់គ្នាពីរៗបរិភោគជាមួយទឹកជ្រលក់ ពេលខ្លះ យើងក៏អាចបរិភោគជាមួយបន្លែផងដែរ ។
ប៉ុន្តែពេលយើងបង្ហោះរូបភាពនំគ្រក់ក្នុងបណ្តាញសង្គម បែរជាធ្វើឱ្យពលរដ្ឋថៃពុំពេញចិត្តទៅវិញ ហើយថែមទាំងនិយាយថា ខ្មែរលួ.ច នំរបស់ថៃ ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានប្រធានបទជជែកគ្នាមិនឈប់ឈររវាងប្រទេសថៃ និងកម្ពុជា ។ ប្រធានបទថ្មីមួយដែលធ្វើឱ្យពលរដ្ឋថៃមានចម្ងល់យ៉ាងខ្លាំងនោះ គឺកម្មវិធី MasterChef របស់កម្ពុជាបានយកនំគ្រក់មកបង្ហាញ និងអះអាងថា នំគ្រក់ គឺជាវប្បធម៌អាហាររបស់ជនជាតិខ្មែរតាំងពីសម័យបុរាណមកម៉្លេះ ។
សារព័ត៌មានថៃផ្សាយថា កម្ពុជា គឺជាប្រទេសមួយដែលមានពលរដ្ឋចូលចិត្តយកម្ហូបអាហារ, នំចំណី និងអ្វីជាច្រើនទៀតរបស់ប្រទេសផ្សេងមកធ្វើជារបស់ខ្លួនជានិច្ច ។ ហ្វេសប៊ុកផេករបស់ថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បានបង្ហោះរូបភាពនំគ្រក់ និងសរសេរថា ៖ «កម្ពុជានិយាយថា នំគ្រក់ ជានំរបស់កម្ពុជាដែលមានតាំងពីសម័យបុរាណកាលមកម៉្លេះ ។ បន្ទាប់ពីកម្មវិធី MasterChef យកនំគ្រក់ជានំតំណាងខ្មែរមកបង្ហាញ បែរជាផ្ទះលេខ២ ប្រាប់ថា នំគ្រក់ជារបស់ខ្លួន» ។
សារព័ត៌មានថៃបញ្ជាក់ថា ពលរដ្ឋខ្មែរបានប្រើប្រាស់ពាក្យថា «ផ្ទះលេខ១» និង «ផ្ទះលេខ២» គឺផ្ទះលេខ១ សំដៅលើប្រទេសកម្ពុជា រីឯផ្ទះលេខ២ សំដៅលើប្រទេសថៃ ។ ក្រោយពេលហ្វេសប៊ុកផេកថៃខាងលើបង្ហោះរូបភាពនំគ្រក់ ធ្វើឱ្យពលរដ្ឋថៃចូលមកបញ្ចេញមតិយ៉ាងច្រើនថា នំគ្រក់ជារបស់ថៃអស់រាប់រយឆ្នាំ ហើយពួកគេថា ខ្មែរលួចនំរបស់ថៃ ធ្វើឱ្យថៃនឿយហត់ចិត្តយ៉ាងខ្លាំង ។
ហ្វេសប៊ុកផេកថៃឈ្មោះ «World Forum ข่าวสารต่างประเทศ» បញ្ជាក់ថា នំគ្រក់របស់ថៃ (ខានុម គ្រក់ ឬ Khanom Khrok) បានជាប់ចំណាត់ថ្នាក់ទី៤ ជានំល្អបំផុតនៅលើពិភពលោក ដែលចាត់ចំណាត់ថ្នាក់ដោយគេហទំព័រដ៏ល្បីល្បាញឈ្មោះ Tasteatlas ។ រីឯចំណាត់ថ្នាក់ទី១ បានទៅ Crêpes របស់បារាំង, ចំណាត់ថ្នាក់ទី២ បានទៅ Kaiserschmarrn របស់អូទ្រីស និងចំណាត់ថ្នាក់ទី៣ បានទៅ Jianbing របស់ចិន ។
គួរបញ្ជាក់ថា ទម្លាប់បរិភោគនំគ្រក់របស់ខ្មែរ និងថៃ គឺខុសគ្នា ។ ខ្មែរយើងបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ដាក់ក្នុងចានចង្កឹះ ដែលផ្សំពីទឹកត្រី, ស្ករស, ទឹកខ្មេះ, ខ្ទឹមស និងម្ទេស ហើយពេលបរិភោគ យើងដាក់ខ្ទិះដូងចូលក្នុងទឹកជ្រលក់ ។
ចំណែកថៃវិញពុំបរិភោគនំគ្រក់ជាមួយទឹកជ្រលក់ទេ គឺពួកគេបរិភោគនំនេះជាបង្អែមវិញ ។ នំគ្រក់នៅថៃមានរសជាតិផ្អែមបន្តិច និងដាក់គ្រឿងផ្សំផ្សេងៗនៅផ្នែកខាងលើ ដូចជា ៖ ល្ង, គ្រាប់ពោត, ស្លឹកខ្ទឹម និងត្រាវ ៕










