ព្រះបរមរាជវាំងចតុមុខមង្គល បាននឹងកំពុងតែលេចវត្តមានយ៉ាងល្អឯកចំកណ្តាលទីក្រុងភ្នំពេញ ដែលព្រះរាជវាំងនេះគឺជាទីប្រថាប់របស់ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន ពោលក្នុងរជ្ជកាលព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី។
ព្រះបរមរាជវាំងនេះទៀតសោត ក៏បើកទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឱ្យចូលទស្សនាជារៀងរាល់ថ្ងៃផងដែរ នៅពេលព្រឹកចាប់ពីម៉ោង ៨-១១ ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២-៥ រសៀល។ ចំពោះតម្លៃសំបុត្រចូលទស្សនា : សម្រាប់ភ្ញៀវជាតិ ១,០០០រៀល/នាក់, សម្រាប់ភ្ញៀវបរទេស ១០ដុល្លារ/នាក់។ 
ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និង លើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យ ព្រះបាទនរោត្តម និង ត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺ បែរទៅរកទន្លេចតុមុខ។ 
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និង ខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាល ព្រះបាទនរោត្តម។ 
ព្រះបរមរាជវាំង កសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូលចំនួន៥ ហើយទ្វារទាំង៥នោះត្រូវបានគេសង់ មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យ និង ទ្វារខ្មោច ស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេ អនុញ្ញាតិ ឱ្យប្រើ តែពេលណាមាន ព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យ ព្រះពុទ្ធសាសនា និង ពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ដែលរួមមាន៖
១. ប្រាសាទទេវាវិនិច្ឆ័យ
២. ប្រាសាទខេមរិន្ទ
៣. ប្រាសាទសហមេត្រី
៤. ប្រាសាទហោសំរាន្តភិរម្យ
៥. ប្រាសាទច័ន្ទឆាយា
៦. ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
៧. ព្រះទីនាំងភោជនីយ
៨. វិមានស្តេចណាប៉ូឡេអុងទី៣
៩. ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
១០. ព្រះវិហារព្រះកែវមរកត
១១. សារមន្ទីររោងដំរី៕










