ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ថៃ ដែលតភ្ជាប់ពីទីក្រុងបាំងកកទៅកាន់ប្រទេសចិន ក្នុងការដឹកជញ្ជូនអ្នកដំណើរនិងទំនិញបានយ៉ាងមានភាពងាយស្រួល រហ័សទាន់ចិត្ត គ្រោងនឹងលេចរូបរាងឡើងត្រឹមឆ្នាំ ២០២៨។ 
ប្រទេសថៃកំពុងអភិវឌ្ឍគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧៣ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ទីក្រុងបាងកកជាមួយនឹងផ្លូវរថភ្លើងប្រទេសឡាវ ហើយឆ្ពោះទៅកាន់ប្រទេសចិន ដែលគម្រោងនេះគ្រោងនឹងបញ្ចប់មុនឆ្នាំ២០៣០។ នៅពេលសាងសង់រួចរាល់ ទាំងអ្នកដំណើរ ការដឹកជញ្ចូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្សេងៗនឹងធ្វើឡើងតាមរយៈរថភ្លើងមួយខ្សែនេះ។
ផ្លូវរថភ្លើងល្បឿនលឿននេះ ដែលប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ ពាន់លានដុល្លារទៅ ៩.៩ ពាន់លានដុល្លារ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដ៏ភ្លឺស្វាង។
រថភ្លើងល្បឿនលឿននេះនឹងចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិន។ នៅដំណាក់កាលទីមួយ ផ្លូវរថភ្លើងនឹងតភ្ជាប់ទីក្រុងបាងកកទៅនគររាជសីមា ជាច្រកចេញទៅភាគឦសានប្រទេសថៃ។ ដំណាក់កាលទីពីរនៃគម្រោង ផ្លូវរថភ្លើងតភ្ជាប់ទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។
គួរបញ្ជាក់ថា សម្រាប់ប្រទេសថៃយល់ឃើញថា ផ្លូវរថភ្លើងគឺជាសក្តានុពលដ៏សំខាន់សម្រាប់ការបង្កើនសមាហរណកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងទៀតក្នុងតំបន់។ កាលពីពេលកន្លងទៅនេះ អតីតនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានសន្យាពន្លឿនការសាងសង់ ដើម្បីសម្រេចបាននូវមហិច្ឆតានេះឲ្យបានឆាប់បំផុតផងដែរ៕










