នៅលើបណ្តាញសង្គម ប្រិយមិត្តជាច្រើនហាក់មានភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ទៅលើកុមារាមួយរូប ដែលមានសមត្ថភាពពិសេសមិនធម្មតា ច្រៀងចម្រៀងរ៉េបបានម៉ាឆ្ងាញ់ មិនចាញ់រៀមច្បងអាជីពនោះទេ។
កុមារាមួយរូប ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលត្រូវបានគេស្គាល់ឈ្មោះថា ហុងហ្វូ។ ព្រោះតែមានដុងផ្នែកសិល្បៈ ជាពិសេសគឺការច្រៀងរ៉េប បានយ៉ាងរត់មាត់ ទឹកដមសំឡេងពិរោះ ជាមួយមុខមាត់គួរឲ្យស្រលាញ់ ស្រស់សង្ហារតាំងពីនៅវ័យក្មេងទៀតនោះ ក៏ទទួលបាននូវការគាំទ្រព្រោងព្រាតពីសំណាក់សារធារណៈជនទូទៅ ទាំងក្មេងចាស់ ប្រុសស្រី។
តួយ៉ាង កាលពីថ្ងៃទី ១ ខែមីនា MV ចម្រៀងមួយបទពីតារារ៉េបវ័យក្មេងរូបនេះ ក្រោមចំណងជើងថា«អ្នកជំនាន់ក្រោយ» បានឆក់យកបេះដូងអ្នកស្តាប់ម្តងរួចទៅហើយ ជាមួយនឹងទំនុកច្រៀងយ៉ាងពិរោះរណ្តំ ដែលនិពន្ធដោយតារ៉េប Zento។ នៅក្នុង MV មួយបទនោះគឺបានសម្តែងនៅឯប្រាសាទអង្គរវត្តខ្មែរ ស្របពេលដែលបារ៉ូនៃបទចម្រៀងគឺបានច្រៀងរៀបរាប់អំពីវប្បធម៌និងអរិយធម៌ដ៏ថ្កើនថ្កានរបស់ខ្មែរថែមទៀតផង។
យ៉ាងណាមិញ កាលពីខែកក្កដានេះ ចម្រៀងមួយបទទៀតពីហុងហ្វូ ក្រោមចំណងជើងថា«ជឿជាក់លើខ្លួនឯង» ជាបទចម្រៀងរ៉េបលើកទឹកចិត្តដល់មនុស្សគ្រប់ៗគ្នា ព្រមជាមួយនឹងការសម្តែង MV នោះទៀតសោតក៏រឹតតែល្អ មិនចាញ់តារាអាជីព ហុងហ្វូក៏ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងផងដែរ៕










