ការក្រោកពីព្រឹកព្រលឹមមិនត្រូវតែជួយឱ្យយើងមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនហួសពីការស្មាន ។ មនុស្សភាគច្រើនក្រោកពីព្រលឹមដោយសារចាំបាច់ត្រូវទៅធ្វើការ ឬទៅរៀន ដើម្បីកុំឱ្យស្ទះចរាចរណ៍ ខណៈអ្នកខ្លះទៀតមានទម្លាប់ក្រោកពីព្រលឹមហាត់ប្រាណ ឬបរិភោគអាហារព្រឹក ពីព្រោះជឿថា វានឹងជួយឱ្យរាងកាយមានសុខភាពល្អ ។
សារព័ត៌មាន KBN បានដកស្រង់នូវអត្ថប្រយោជន៍ដោយសារការក្រោកពីព្រលឹមមកចែករំលែកឱ្យលោកអ្នកបានជ្រាប ហើយធានាថា វានឹងជួយឱ្យលោកអ្នកឆាប់ចូលគេងដើម្បីអាចភ្ញាក់ពីព្រលឹម ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍៨ចំណុច សម្រាប់ការក្រោកពីព្រឹកព្រលឹម ៖
១-បានបរិភោគអាហារពេលព្រឹក ៖ ការបរិភោគអាហារពេលព្រឹកមានសារៈសំខាន់បំផុត ពីព្រោះវាជួយឱ្យរាងកាយមានកម្លាំងកំហែង និងអាចធ្វើការងារផ្សេងៗបានពេញមួយថ្ងៃ ។ លើសពីនេះ អាហារពេលព្រឹកជួយឱ្យយើងអាចសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពទៀតផង ។
២-មានពេលវេលាហាត់ប្រាណច្រើន ៖ ការហាត់ប្រាណនឹងជួយឱ្យរាងកាយមានថាមពលពេញមួយថ្ងៃ ព្រមទាំងជួយដោះស្រាយបញ្ហាងងុយគេងទៀតផង ។
៣-មិនប្រឈមនឹងការកកស្ទះចរាចរណ៍តាមផ្លូវ ៖ អ្នករស់នៅក្នុងទីក្រុងធំៗតែងតែធុញទ្រាន់នឹងការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ហេតុនេះ ការភ្ញាក់ពីព្រលឹមនឹងអាចឱ្យយើងមានពេលវេលារៀបចំខ្លួនបានយូរ និងឆាប់បានចេញទៅធ្វើការ ពីព្រោះការទៅធ្វើការយឺតយ៉ាវ គឺជាពេលដែលមនុស្សភាគច្រើនចាប់ផ្តើមធ្វើដំណើរនៅតាមផ្លូវ ។
៤-ឃើញពន្លឺព្រះអាទិត្យរៀងរាល់ព្រឹក ៖ ការឃើញពន្លឺព្រះអាទិត្យរៀងរាល់ព្រឹក ត្រូវបានគេចាត់ទុកថា គឺជារឿងដ៏អស្ចារ្យមួយដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងធ្វើការ ។ ការទទួលពន្លឺព្រះអាទិត្យនៅពេលព្រឹក យើងនឹងមានអារម្មណ៍ល្អយ៉ាងខ្លាំង ។
៥-ដឹងព័ត៌មានផ្សេងៗមុនគេ ៖ ការភ្ញាក់ពេលព្រលឹមនឹងធ្វើឱ្យយើងដឹងព័ត៌មានផ្សេងៗមុនគេ ។ គេចាត់ទុកថា វាជាការអាប់ឌេតព័ត៌មាន ពីព្រោះយើងនឹងមិនងាយចាញ់បោកព័ត៌មានក្លែងក្លាយ ។
៦-ទទួលយករសជាតិកាហ្វេដ៏ល្អ ៖ បើទោះជាកាហ្វេដែលយើងផឹកប្រចាំថ្ងៃមានរសជាតិដូចមុនក្តី ប៉ុន្តែការផឹកកាហ្វេនៅពេលព្រឹក ព្រមទាំងទទួលយកពន្លឺព្រះអាទិត្យនោះ បែរជាធ្វើឱ្យរសជាតិកាហ្វេល្អជាងមុនយ៉ាងខ្លាំង ។ លើសពីនេះ វានឹងធ្វើឱ្យយើងមានអារម្មណ៍រីករាយផងដែរ ។
៧-មានពេលវេលាច្រើន និងពុំចាំបាច់ប្រញាប់ ៖ តើធ្លាប់សង្កេតទេថា បើថ្ងៃណាដែលយើងបានភ្ញាក់ពីព្រលឹម គឺថ្ងៃនោះ យើងពុំចាំបាច់ធ្វើអ្វីប្រញាប់ដើម្បីប្រណាំងជាមួយពេលវេលាទេ ។ ប៉ុន្តែយើងនឹងមានពេលវេលារៀបចំសម្ភារៈផ្សេងៗបានគ្រប់ចំនួន ហើយអាចមកធ្វើការ ឬទៅសាលារៀនទាន់ពេលវេលាទៀតផង ។
៨-ឆាប់ចូលគេង ៖ ការភ្ញាក់ពីព្រលឹមនឹងធ្វើឱ្យយើងឆាប់ងងុយគេង ហើយរាងកាយរបស់យើងបានសម្រាកគ្រប់គ្រាន់ ។
តើដឹងអត់ថា ការក្រោកពីព្រលឹមល្អកម្រិតណា? នេះយើងពុំបានរាប់បញ្ចូលឱកាសល្អៗជាច្រើនទៀតសម្រាប់អ្នកក្រោកពីព្រលឹមទេ ។ តើនៅបន្តភ្ញាក់យឺតដល់ណាទៀត? ចូរផ្លាស់ប្តូរទម្លាប់មកក្រោកពីព្រលឹម ល្អជាង ។ ពីដំបូង យើងអាចពិបាកភ្ញាក់បន្តិច ប៉ុន្តែបើតាំងចិត្តបាន យើងនឹងមានអារម្មណ៍ថា មិនចង់ភ្ញាក់យឺតទៀតទេ ៕










