ព្រះរាជាណាចក្រដាណឺម៉ាកមានទីតាំងនៅអឺរ៉ុបខាងជើងតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកអ្នកមានដឹងអត់? ថាតើកត្តាអ្វីដែលធ្វើឱ្យប្រទេសមួយនេះនៅតែស្ថិតក្នុងចំណោមប្រទេសដែលមាននិរន្តរភាពបំផុតនៅក្នុងពិភពលោក និងកាន់កាប់តំណែងល្អជារៀងរាល់ឆ្នាំ? ខណៈប្រទេសអភិវឌ្ឍជាច្រើនទៀតមិនអាចកាន់កាប់តំណែងថេរដូចដាណឺម៉ាកនោះទេ។ 
យោងតាមសាកលវិទ្យាល័យ Yale របស់សហរដ្ឋអាមេរិក ក្រៅពីកត្តាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ប្រជាជនដាណាម៉ាកគឺតែងតែមានរបៀបរស់នៅខុសប្លែកពីគេ និងគួរឱ្យចាប់អារម្មណ៍បំផុត ដែលយើងគ្រប់គ្នាគួររៀនសូត្រតាម ដោយភាគច្រើននៃពួកគេតែងតែផ្តោតលើការរស់នៅប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន ជាហេតុធ្វើឱ្យប្រទេសនេះតែងតែស្ថិតក្នុងលំដាប់កំពូលនៃប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោកជានិច្ច។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំលោកអ្នកមកដឹងពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ខ្លះៗនៃប្រទេសដាណាម៉ាក៖
១.ប្រទេសនេះប្រើកង់ច្រើនជាងរថយន្ត៖ ដោយសារការព្រួយបារម្ភអំពីការបំពុលបរិយាកាស និងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យ Copenhagen ក្លាយជាទីក្រុងមួយដែលប្រើប្រាស់កង់ច្រើនជាងគេបំផុតក្នុងលោក។ ក្នុងឆ្នាំ ២០១៨ រាជធានី Copenhagen របស់ប្រទេសដាណឺម៉ាកមានកង់ចំនួន ៦៧៥,០០០ និងរថយន្តត្រឹមតែ ១២០,០០០ ប៉ុណ្ណោះ។ ដូច្នេះរាជធានី Copenhagen គឺជាកន្លែងដ៏ល្អមួយដែលមានសុវត្ថិភាពបំផុតក្នុងការជិះកង់។
២.អាហារផុតកំណត់នៅតែមានសុវត្ថិភាពខ្ពស់៖ យោងតាមស្ថិតិមួយភាគបីនៃអាហារដែលផលិតសម្រាប់មនុស្សទាំងអស់ត្រូវបានបោះចោល មានន័យថា មនុស្សនៅទីនោះច្រើនខ្ជះខ្ជាយអាហារ ទោះបីអាហារល្អប៉ុណ្ណាក៏ពួកគេយកបោះចោលដែរ។ ដូច្នេះកាកសំណល់អាហារបានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ព្រោះផលិតកម្ម និងការចែកចាយអាហារត្រូវការថាមពល និងទឹកច្រើន។ ដើម្បីប្រយុទ្ធប្រឆាំងនឹងកាកសំណល់អាហារ ដាណឺម៉ាកបានបើកផ្សារទំនើបដំបូងរបស់ខ្លួនដែលលក់ផលិតផលផុតកំណត់ជាមួយនឹងការវេចខ្ចប់ត្រឹមត្រូវក្នុងតម្លៃថោកបំផុត។ ទោះជាយ៉ាងណា អាហារផុតកំណត់នៅទីនោះនៅតែមានសុវត្ថិភាពល្អ មិនប៉ះពាល់ដល់សុខភាពឡើយ។
៣.ដាណឺម៉ាកគឺជាប្រទេសដែលមានកោះថាមពលដំបូងគេរបស់ពិភពលោក៖ កោះថាមពលគឺជាផ្នែកមួយនៃគម្រោងដែលមានគោលបំណងការពារការកើនឡើងនៃការឡើងកំដៅផែនដី។ កោះទាំងនេះនឹងទទួលបានថាមពលពីខ្យល់បក់នៅឆ្នេរសមុទ្រ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរកការលុបបំបាត់ថាមពលឥន្ធនៈហ្វូស៊ីល។ កោះថាមពលរបស់ប្រទេសដាណឺម៉ាកនឹងបម្រើជាប្រភពថាមពលបៃតង ហើយត្រូវបានគេរំពឹងថានឹងផលិតថាមពលសម្រាប់ ៥ លានគ្រួសារ។
៤.កសិដ្ឋានដែលប្រើថាមពលខ្យល់ទាំងស្រុងផលិតអាហារបាន ១,០០០ តោន៖ ក្រុមហ៊ុនដាណឺម៉ាក Nordic Harvest បានបង្កើតកសិដ្ឋានថាមពលខ្យល់ ១១% ដំបូងបង្អស់របស់ពិភពលោក ដែលគ្រឿងបរិក្ខារទាំងមូលត្រូវបានដាក់ក្នុងអគារតែមួយ និងផលិតអាហារប្រមាណ ១,០០០ តោនក្នុងមួយឆ្នាំ ដែលកាត់បន្ថយការបញ្ចេញកាបូនយ៉ាងសំខាន់។
៥.ដាវទួរប៊ីនខ្យល់ត្រូវបានកែច្នៃជាចំណតកង់៖ ទីក្រុង Aalborg បានរកឃើញការប្រើប្រាស់ថ្មីសម្រាប់ទួរប៊ីនខ្យល់ចាស់។ ដាវទួរប៊ីនខ្យល់ដែលខូចខាត ឬចាស់គឺពិតជាពិបាកក្នុងការកែច្នៃឡើងវិញណាស់ ទោះជាយ៉ាងណា ដាវទួរប៊ីនខ្យល់នៅក្នុងទីក្រុងនេះមិនត្រូវបានគេបោះចោលនោះទេ ប៉ុន្តែបានប្រែទៅជា “ជម្រក” សម្រាប់កង់។ សាកលវិទ្យាល័យ Strathclyde ប៉ាន់ប្រមាណថានៅឆ្នាំ ២០៥០ នឹងមានកាកសំណល់ខ្យល់ ២ លានតោន ដូច្នេះការប្រើប្រាស់ដាវទួរប៊ីនខ្យល់កែច្នៃនេះនឹងជួយកាត់បន្ថយតម្រូវការសម្រាប់ដែកថែបថ្មី ក៏ដូចជាកាត់បន្ថយបរិមាណកាបូនដែលបានបង្កើតកំឡុងពេលផលិតបេតុង៕










