ប្រទេសចិន ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរក្រុងប៉េកាំង ប្រទេសចិន បានដំណើរការ ការដឹកជញ្ជូនអាហារតាមដ្រូនជាលើកដំបូងទៅឱ្យភ្ញៀវទេសចរមកលេងមហាកំផែង ។ អាជ្ញាធរនិយាយថា ការដឹកជញ្ជូនអាហារតាមដ្រូននឹងជួយឱ្យភ្ញៀវទេសចរទទួលបានអាហារ, ភេសជ្ជៈ និងសម្ភារៈចាំបាច់មួយចំនួនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលមេឃក្តៅ ។
កន្លងមក ភ្ញៀវទេសចរដែលមកដើរកម្សាន្ត និងស្រាវជ្រាវនៅមហាកំផែងរបស់ចិនចិន ពួកគេជួបការលំបាកយ៉ាងខ្លាំង ដូចជា ៖ ខ្វះខាតអាហារ និងខ្វះទឹកផឹក ពេលដើរផ្លូវឆ្ងាយ ។ ហេតុនេះ អាជ្ញាធរប្រចាំតំបន់ប៉ាតាំលីងរបស់មហាកំផែងបានសហការជាមួយភ្នាក់ងារដឹកជញ្ជូនអាហារអនឡាញ ដោយការប្រើប្រាស់ដ្រូនសម្រាប់បញ្ជូនអាហារ និងភេសជ្ជៈមកឱ្យភ្ញៀវទេសចរដល់កន្លែង ។
ភ្ញៀវទេសចរណាចង់ទិញអាហារ និងភេសជ្ជៈ ពួកគេអាចស្កេន QR Code តាមរយៈទូរស័ព្ទដៃដើម្បីកុម្ម៉ង់ទិញអាហារ បន្ទាប់មក ដ្រូននឹងបញ្ជូនអាហារមកឱ្យភ្ញៀវទេសចរក្នុងរយៈពេលត្រឹមតែ៥នាទី ។ ប៉ុន្តែបើភ្ញៀវទេសចរដើរទៅទិញអាហារដោយខ្លួនឯង ពួកគេនឹងចំណាយពេលរហូតដល់៥០នាទីឯណោះ ។
ភ្នាក់ងារបញ្ជូនអាហារតាមដ្រូនទៅឱ្យភ្ញៀវទេសចរ បញ្ជាក់ថា នៅពេលដ្រូនបញ្ជូនអាហារឱ្យភ្ញៀវទេសចររួចហើយ ដ្រូននឹងនាំយកសំរាមរបស់ភ្ញៀវទេសចរត្រឡប់មកវិញ ។ ហេតុនេះ វាបានជួយកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនសម្រាប់អាជ្ញាធរជួលបុគ្គលិកថែទាំមហាកំផែង ។
ចំណុចមើលទេសភាពក្នុងតំបន់ប៉ាតាំលីងរបស់មហាកំផែងចិន គឺទទួលបានការពេញនិយមយ៉ាងខ្លាំង ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរលើកដំបូងនៅឆ្នាំ១៩៥៨ ។ នៅតំបន់នេះបានទទួលស្វាគមន៍ភ្ញៀវទេសចរចិន និងភ្ញៀវទេសចរបរទេស រហូតដល់ជាង២០០លាននាក់ឯណោះ ។
គួរបញ្ជាក់ថា មហាកំផែងរបស់ចិនមានប្រវែងសរុបជាង២ម៉ឺនគីឡូម៉ែត្រ ដែលគ្របដណ្តប់ខេត្ត-ក្រុង ចំនួន១៥ រួមមាន ៖ ក្រុងប៉េកាំង, ហឺប៉ី និងម៉ុងហ្គោលីខាងក្នុង ស្ថិតនៅភាគខាងជើងប្រទេសចិន រួមទាំងឆ្លងកាត់ខេត្តហ្គាន់ស៊ូ និងខេត្តស៊ីនជៀង ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។
កន្លងមក អាជ្ញាធរក្រុងប៉េកាំងបានបន្ថែមសេវាកម្មថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ច ។ ក្រៅពីសេវាកម្មដឹកជញ្ជូនអាហារតាមដ្រូន ភ្ញៀវទេសចរអាចចូលរួមវគ្គបណ្តុះបណ្តាលសាកល្បងការអប់រំអាកាសយានិក ឬពួកគេអាចជិះឧទ្ធម្ភាគចក្រ ឬជិះយន្តហោះបើកបរដោយស្វ័យប្រវត្តិមើលទេសភាពដ៏ស្រស់ស្អាតនៅមហាកំផែង ៕










