សហរដ្ឋអាមេរិក ៖ អ្នកវិទ្យាសាស្ត្រអាមេរិកម្នាក់ពុំព្រមទៅមន្ទីរពេទ្យទេ ក្រោយពីពស់ចឹក ហើយបានព្យាយាមកត់ត្រាពីផលប៉ះពាល់រាងកាយបណ្តាលមកពីពិសពស់ ដើម្បីជាការសាកល្បង និងចង់ឱ្យមនុស្សគ្រប់គ្នាបានដឹង ។ លោកបានចាប់ផ្តើមកត់ត្រាពីការធ្វើទុក្ខផ្សេងៗក្នុងខ្លួន តាំងពីពេលពស់ចឹកដំបូង រហូតដល់ពេលចុងក្រោយនៃជីវិតរបស់លោក ។
កាលពីខែកញ្ញា ឆ្នាំ១៩៥៧ មនុស្សម្នាក់បានយកពស់១ក្បាលពីសួនសត្វ Lincoln Park មកប្រគល់ឱ្យសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៅទីក្រុង Chicago សហរដ្ឋអាមេរិក ដើម្បីឱ្យសារមន្ទីរជួយបញ្ជាក់ពីប្រភេទរបស់ពស់នេះ ។ លោក Karl Patterson Schmidt ជាអ្នកវិទ្យាសាស្ត្រខាងសត្វល្មូន ដែលធ្វើការក្នុងសារមន្ទីរ ក៏យល់ព្រមចិញ្ចឹមពស់មួយនេះ ។ 
លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំនាញផ្នែកពស់ដ៏ល្បីល្បាញបំផុត ហើយលោកទទួលបានជោគជ័យយ៉ាងច្រើន រហូតដល់មានពស់ជាង២០០ប្រភេទត្រូវបានដាក់ឈ្មោះតាមលោក ។ លោកនិយាយថា វាជាពស់ពិសមកពីអាហ្វ្រិកខាងត្បូង ដែលមានក្រឡាស្អាត និងភ្លឺ ។ ប៉ុន្តែលោកមិនប្រាកដចិត្តថា វាជាពូជអ្វីទេ ដោយសារអវៈយវៈមួយចំនួនមិនច្បាស់លាស់ ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៥៧ ពេលលោក Schmidt កំពុងព្រួតពិនិត្យពស់នេះ ស្រាប់តែវាចឹកមេដៃឆ្វេងរបស់លោក រហូតកើតជាដំបៅតូចៗ ចំនួន២ ។ ប៉ុន្តែលោកប្រកែកពុំទៅមន្ទីរពេទ្យទេ ហើយយកប្រើប្រាស់ឱកាសនេះកត់ត្រាយ៉ាងលម្អិតពីផលប៉ះពាល់ដោយសារពិសពស់ ។
ក្នុងសៀវភៅកត់ត្រារបស់លោកសរសេរថា ៖ «ខ្ញុំបានទទួលពស់នេះពីមនុស្សម្នាក់ឈ្មោះ Robert Inger ។ ខ្ញុំពុំបានការពារខ្លួនអ្វីទាំងអស់ ហើយវាក៏ចឹកមេដៃឆ្វេងរបស់ខ្ញុំ ។ មាត់ធំរបស់វាបានចឹកខ្ញុំដោយប្រើចង្កូមក្រោយ ហើយចង្កូមខាងស្តាំបានខាំខ្ញុំមានជម្រៅប្រមាណ ៣មីល្លីម៉ែត្រ» ។
លោកមិននឹកស្មានថា វាមានពិសខ្លាំងទេ ហើយលោកក៏បានជិះរថភ្លើងត្រឡប់ទៅផ្ទះវិញ និងកត់ត្រាពីផលប៉ះពាល់ដោយសារពិសពស់បន្តទៀត ។ លោកសរសេរថា លោកពុំបានក្អួតទេ ពេលជិះរថភ្លើងនៅជាយក្រុង ប៉ុន្តែលោកមានអាការៈរងាញាក់ និងក្តៅខ្លួន ។ បន្ទាប់មក លោកក៏ចាប់ផ្តើមហូរឈាមតាមអញ្ចាញធ្មេញ ។
លោកបន្តថា លោកបត់ជើងតូចភាគច្រើនចេញឈាម ហើយលោកក៏បានផឹកទឹក ប៉ុន្តែក្អួតយ៉ាងខ្លាំង ។ ក្រោយមក លោកក៏បានធូរស្រាលវិញ និងសម្រាកលក់រហូតដល់ព្រឹក ។ ពេលភ្ញាក់ឡើង លោកក៏បរិភោគអាហារពេលព្រឹក និងកត់ត្រាពីផលប៉ះពាល់ដោយសារពិសពស់បន្តទៀត ។
នៅថ្ងៃទី២៦ ខែកញ្ញា លោកបានបរិភោគអាហារជាច្រើនមុខ ដូចជា ៖ នំកញ្ចប់, ស៊ុត, នំប៉័ង, ទឹកប៉េងប៉ោះ និងកាហ្វេ ហើយលោកសង្កេតឃើញថា មាត់ និងច្រមុះរបស់លោកហូរឈាមតិចៗឥតឈប់ ។ ប៉ុន្តែនេះជាឃ្លាចុងក្រោយបង្អស់ ដែលលោកបានកត់ត្រាក្នុងសៀវភៅ ។
តាមឯកសារបញ្ជាក់ថា ក្រោយបរិភោគអាហារថ្ងៃត្រង់រួច លោក Schmidt បានក្អួតយ៉ាងខ្លាំង ហើយលោកក៏សម្រេចចិត្តទូរស័ព្ទទៅប្រពន្ធ ។ ប៉ុន្តែមិនយូរប៉ុន្មាន រាងកាយរបស់លោកលែងកម្រើកដូចមុន ។ ហេតុការណ៍នេះបានកើតឡើងលើខ្លួនលោក មិនដល់២៤ម៉ោងទេ ។
សរុបមក ពស់ដែលចឹកលោក គឺជាប្រភេទ Dispholidus typus ស្ថិតក្នុងចំណោមពូជពស់មានពិសខ្លាំងបំផុតលើពិភពលោក ។ លោកត្រូវបានគេណែនាំឱ្យទៅរកគ្រូពេទ្យ ប៉ុន្តែលោកបដិសេធមិនព្រមទៅ ហើយនិយាយថា ៖ «ខ្ញុំមិនទៅទេ ព្រោះវានឹងធ្វើឱ្យរោគសញ្ញារបស់ខ្ញុំកាន់តែធ្ងន់ធ្ងរ» ។
មតិខ្លះនិយាយថា រឿងរ៉ាវរបស់លោក Schmidt គួរឱ្យសោកសៅ ដែលកើតឡើងដោយសារការចឹងដឹង ។ ប៉ុន្តែមតិខ្លះទៀតជឿថា ថ្នាំបន្សាបពិសពស់ប្រភេទនេះមានតែនៅអាហ្វ្រិកប៉ុណ្ណោះ ហើយលោក Schmidt យល់ព្រមទទួលយកជោគវាសនារបស់ខ្លួន និងធ្វើការរហូតដល់ថ្ងៃស្លាប់ ៕










