Home ព័ត៌មានអន្តរជាតិ ចឹងសោះ! រឿងជម្លោះព្រំដែនខ្មែរ-ថៃ លោកនាយករដ្ឋមន្ត្រីថៃស្តីបន្ទោសអ្នកប្រើប្រាស់បណ្តាញសង្គម ថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនាំឱ្យមានជម្លោះ

ចឹងសោះ! រឿងជម្លោះព្រំដែនខ្មែរ-ថៃ លោកនាយករដ្ឋមន្ត្រីថៃស្តីបន្ទោសអ្នកប្រើប្រាស់បណ្តាញសង្គម ថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនាំឱ្យមានជម្លោះ

81
0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះសារក្នុងហ្វេសប៊ុកពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយស្តីបន្ទោសអ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃ ដែលតែងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនាំឱ្យភាន់ច្រឡំឈានទៅបែកបាក់ផ្ទៃក្នុង, រើសអើ.ងជាតិសាសន៍ និងញុះញង់ឱ្យមានជម្លោះ ជាពិសេស បញ្ហាព្រំដែនជាមួយកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃថា ព័ត៌មានក្លែងក្លាយភាគច្រើនកើតឡើងដោយសារការសរសេរប្រឌិតរឿងឡើងដើម្បីបង្កការបែកបាក់ និងស្អ.ប់គ្នា ។

ការបង្ហោះសារក្នុងហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមថៃមួយចំនួនដែលមានគំនិតជ្រុលនិយមបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងក្រុមជ្រុលនិយមខ្លះទៀតមិនគាំទ្រគោលជំហររបស់រដ្ឋាភិបាលថៃនាពេលនេះ ដែលចង់ស្តារទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ ។

លោក Anutin បញ្ជាក់ក្នុងហ្វេសប៊ុកថា រដ្ឋាភិបាលថៃមានបំណងស្តារទំនាក់ទំនងល្អជាមួយកម្ពុជា ជាជំហ៊ានៗ ប៉ុន្តែបែរជាមានការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនក្នុងបណ្តាញសង្គមប្រទេសថៃ ពាក់ព័ន្ធនឹងជំនួបត្រីភាគីនៅទីក្រុងសេប៊ូ ដោយព័ត៌មានទាំងនេះសរសេរប្រឌិតឡើងដើម្បីឱ្យមានការបែកបាក់ និងស្ពប់ខ្ពើម ។ កន្លងមក លោក និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow បានប្រកាសព័ត៌មានលម្អិតរួចហើយថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាទាំងអស់ដោយការប្រុងប្រយ័ត្ន និងផ្តោតលើច្បាប់អន្តរជាតិ គោលការណ៍ដែលភាគីទាំង២ (កម្ពុជា-ថៃ) បានឯកភាពគ្នា ។

ក្នុងហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី Anutin គូសបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr ក្នុងនាមជាប្រធានអាស៊ាន បានរៀបចំឱ្យមានជំនួបត្រីភាគីរវាងប្រធានាធិបតីហ្វីលីពីន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងខ្លួនលោក (Anutin) កាលពីថ្ងៃទី៧ ខែឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ។

ក្នុងជំនួបរវាងលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺភាគីទាំងពីរបានពិភាក្សាគ្នាអំពីប្រធានបទមួយចំនួន ដូចជា ៖ ពិភាក្សាពីការកាត់បន្ថយភាពតានតឹង, កសាងទំនុកចិត្តដើម្បីសន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រក្រតីឡើងវិញ ។ ភាគីទាំងពីរក៏បានពិភាក្សាពីការចាប់ផ្តើមអនុវត្តនូវរាល់យន្តការដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ។

លោក Anutin បន្តថា ក្រៅពីនេះ ភាគីទាំងពីរបានពិភាក្សាពីការឱ្យមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ជួបពិភាក្សាគ្នាឱ្យបានញឹកញាប់ ហើយថៃនឹងរង់ចាំពេលវេលាសមស្របដើម្បីលើកកម្ពស់ទំនាក់ទំនងការទូតជាមួយកម្ពុជាឱ្យល្អប្រសើរឡើងវិញបន្តិចម្តងៗ តាមរយៈការបញ្ជូនមន្ត្រីស្ថានទូតថៃមកកម្ពុជា ។ ប៉ុន្តែក្នុងជំនួបនេះភាគីទាំងពីរមិនទាន់ពិភាក្សាអំពីការបើកព្រំដែនឡើងវិញនៅឡើយទេ ដោយភាគីទាំងពីរបានឯកភាពគ្នាស្តារទំនាក់ទំនងឈានទៅរកសន្តិភាព ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបច្ចុប្បន្នចង់វិលមករកទំនាក់ទំនងការទូតល្អជាមួយកម្ពុជា និងមិនគាំទ្រឱ្យពលរដ្ឋខ្លួនបង្ហោះសារញុះញង់ ឬផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបណ្តាញសង្គមទៀតទេ បន្ទាប់ពីសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំងដោយសារការបិទព្រំដែនជាឯកតោភាគីរបស់ថៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ។

ក្រុមជនខិលខូចមួយចំនួននៅប្រទេសថៃបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតរូបភាព និងវីដេអូក្លែងក្លាយ ក្នុងគោលបំណងញុះញង់ឱ្យមានជម្លោះព្រំដែន ហើយព័ត៌មានក្លែងក្លាយភាគច្រើនផ្តោតទៅលើបញ្ហារសើបបំផុត ដោយការយករូបភាពចាស់ៗពីជម្លោះឆ្នាំមុនៗមកបង្ហោះជាថ្មីដើម្បីឱ្យមហាជនយល់ច្រឡំ ៕