តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ និងជាគូ្រពេទ្យដ៏ស្រស់សង្ហាបានរម្លឹកខួបពីរឆ្នាំនៃការប្រកួតក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ខណៈលោកជាបេក្ខជនក្នុងTOP4 ។ ទោះយ៉ាងណា ការបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រ ស៊ឹម ច័ន្ទពន្លឺ មិនបានបង្ហាញរូបភាពជាមួយសមាជិក៣រូបផ្សេងទៀតគឺ លីម តិចម៉េង ថុល សុភិទិ និង នាងដាវីន ឡើយ ស្របពេលអ្នកគាំទ្រម្នាក់បានជីកសួរថាឆ្នាំនេះបានផ្លុំទៀនជុំគ្នាឬអត់ លោកបានតបថាលោកនៅខេត្ត។
នៅលើបណ្តាញសង្គមតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បានបង្ហោះរូបភាពជាច្រើនសន្លឹកតាំងពីការប្រកួតរបស់គេរហូតលោកក្លាយជាតារាចម្រៀងម្នាក់មានការប្រគំតន្រ្តីនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីហ្វេនៗ។ ក្រៅពីរូបថតម្នាក់ឯង មានរូបមួយសន្លឹកដែល ស៊ឹម ច័ន្ទពន្លឺបានបង្ហោះគឺរួមជាមួយ មាស នីតា និង ណាន វីសារ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
តារាចម្រៀងមានដើមកំណើតនៅខេត្តតាកែវ រូបនេះបានរៀបរាប់ថា «ថ្ងៃនេះ ២ ឆ្នាំមុនយើង បានឆ្លងកាត់រឿងរ៉ាវ ជាច្រើនជាមួយគ្នា, សូមទោសសម្រាប់ថ្ងៃនេះ ២ ឆ្នាំមុន ដែលធ្វើឱ្យបងប្អូនអ្នកគាំទ្រទាំងអស់ ស្រក់ទឹកភ្នែក។ ពេលនោះខ្ញុំបាទ បានសន្យា នឹងខ្លួនឯងថា ឈប់ឱ្យបងប្អូនទាំងអស់គ្នាមាន ទឹកភ្នែកម្តងទៀតព្រោះតែ ខ្ញុំទៀតហើយ។ អរគុណសម្រាប់រយៈពេល ២ ឆ្នាំដែលធ្វើឱ្យខ្ញុំបាទក្លាយជាមនុស្សម្នាក់ លែងសូវបានគិតពីខ្លួន ឯង..តែ ប្តូរត្រឡប់មកជាការគិតពី បងប្អូនអ្នកគាំទ្រវិញ។ រាល់ពេលធ្វើការ ប្រគំតន្ត្រីម្តងៗ គិតថា តើថ្ងៃនេះ ខ្ញុំអាចនាំអារម្មណ៍ ឮសប្បាយរីករាយយ៉ាងម៉េចដល់បងប្អូន.. តើថ្ងៃនេះខ្ញុំអាចនាំបងប្អូនសប្បាយនិងរំភើបឬអត់?» ។
ស៊ឹម ច័ន្ទពន្លឺ លើកឡើងទៀតថា «រយៈពេល២ ឆ្នាំគត់ដែលខ្ញុំបាទ បានបន្តដំណើរ រួមជាមួយបងប្អូនរស់ក្នុងក្តីស្រមៃរបស់ខ្លួន.. អរគុណ រយៈពេល ២ ឆ្នាំកន្លងមក.. ដល់ប្អូនអ្នកគាំទ្រ ទាំង ២៥ ខេត្តក្រុងអរគុណ សម្រាប់ការធ្វើឱ្យការសន្យាមួយនេះបានសម្រេច។សូមអរគុណ សម្រាប់ក្តីស្រលាញ់ និង ស្នាមញញឹម ទាំងអស់ដែល បងប្អូនបានផ្តល់មកកាន់រូបខ្ញុំបាទ, រយៈពេល ២ ឆ្នាំដែលយើង បានស្គាល់ មិនខ្លី ហើយក៏ មិនវែងប៉ុន្មាន តែមានអនុស្សាវរីយ៍ ជាច្រើនរាប់មិនអស់។ មិនចង់បានអ្វីដែលលើសពីនេះតែសូមឱ្យក្តីស្រលាញ់មួយនេះនៅស្ថិតស្ថេររហូតតទៅ»។
ម្ចាស់បទ «ស្នេហ៍ពីរមួយរយ» បានសុំការអភ័យទោសចំពោះការច្រៀង សម្តែង របស់ខ្លួនដែលធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត ខណៈលោកកំពុងព្យាយាម ហ្វឹកហាត់បន្ថែមទៀត និងអរគុណរាល់មតិសម្រាប់ការស្ថាបនាលោកកន្លងមក។
ក្នុងការបង្ហោះនេះ ស៊ឹម ច័ន្ទពន្លឺ មិនបានបង្ហោះរូបភាព TOP 4 ចំពោះសមាជិក៣រូបផ្សេងទៀតមានដូចជា លីម តិចម៉េង ថុល សុភិទិ និង នាង ដាវីន ឡើយ ស្របពេលអ្នកគាំទ្រម្នាក់បានខម្មិនជីកសួរថាឆ្នាំនេះនឹងមាននំខេកជុំគ្នាជាមួយ TOP4 ឬអត់ដោយលោកតបថា ឆ្នាំនេះលោកនៅស្រុកហើយ៕










