សហរដ្ឋអាមេរិក ៖ ស្នាមសាក់នឹងនៅជាប់ខ្លួនយើងដល់ថ្ងៃស្លាប់ ហើយវាក៏បង្ហាញពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗផងដែរ ។ បើសាក់រូបអ្វីមួយលើរាងកាយ វានឹងបង្ហាញពីអត្ថន័យសម្រាប់ខ្លួនយើង ដូចជា ៖ ថ្ងៃខែឆ្នាំកំណើត, ឈ្មោះឪពុក-ម្តាយ, ឈ្មោះមនុស្សជាទីស្រឡាញ់, ឈ្មោះសត្វ, ឈ្មោះបទចម្រៀង, រូបផ្កា ឬរូបផ្សេងៗដែលយើងចូលចិត្ត ។
ប៉ុន្តែមនុស្សខ្លះទៀតសម្រេចចិត្តសាក់ពេញខ្លួនប្រាណ និងមុខមាត់ទាំងអស់ ដោយសារពួកគេចង់បង្ហាញពីខ្លួនឯងទៅកាន់សាធារណៈ និងធ្វើឱ្យខ្លួនគេមានភាពខុសប្លែក ឬមានសេរីភាពជាងមុន ។
សារព័ត៌មាន Reuters រាយការណ៍ថា អ្នកស្រី Esperance Fuerzina អាយុ៣៦ឆ្នាំ ជាអតីតទាហានអាមេរិក បានក្លាយជាស្ត្រីមានស្នាមសាក់លើរាងកាយច្រើនបំផុតលើពិភពលោក ដែលនៅមានជីវិត ។ ស្នាមសាក់របស់អ្នកស្រីនឹងត្រូវបានគេកត់ត្រាក្នុង Guinness World Records នៅឆ្នាំ២០២៥ ។ ក្រៅពីនេះ អ្នកស្រីក៏បានក្លាយជាស្ត្រីផ្លាស់ប្តូររាងកាយច្រើនបំផុតលើពិភពលោកផងដែរ រហូតដល់៨៩កន្លែង ។
អ្នកស្រីនិយាយថា អ្នកស្រីបានចំណាយពេលរហូតដល់១០ឆ្នាំឯណោះ ដើម្បីសាក់ពេញរាងកាយទាំងអស់ ឬស្មើនឹង៩៩,៩៨% ។ សូម្បីតែនៅតាមផ្នែកតូចៗ ក៏មានស្នាមសាក់ដូចគ្នាដែរ ដូចជា ៖ អញ្ចេញធ្មេញ, ត្របកភ្នែក, បាតជើង និងអណ្តែត ។ លើសពីនេះ អ្នកស្រីបានផ្លាស់ប្តូររាងកាយរបស់ខ្លួនរហូតដល់៨៩កន្លែង រួមទាំងការវះកាត់អណ្តែតជា២ផ្នែក, វះកាត់ផ្ទៃមុខ៥កន្លែង, សាក់លើស្បែកក្បាល, ត្របកភ្នែក, ចោះស្លឹកត្រចៀក និងកាត់ស្លឹកត្រចៀកចេញខ្លះ ។
អ្នកស្រីយល់ឃើញថា ស្នាមសាក់ និងការផ្លាស់ប្តូររាងកាយនេះ គឺជាសិល្បៈមួយប្រភេទដើម្បីបង្កើតការចងចាំល្អៗ ហើយវានឹងនៅជាប់ខ្លួនអ្នកស្រីគ្រប់ពេលវេលា ។ ពីដំបូង អ្នកស្រីពុំបានតាំងចិត្តសាក់ពេញខ្លួនប្រាណបែបនេះទេ ប៉ុន្តែជីវិតជាការផ្លាស់ប្តូរជានិច្ច ទើបអ្នកស្រីសម្រេចចិត្តថា សន្សំស្នាមសាក់ឱ្យបានច្រើនសម្រាប់ថ្ងៃអនាគត ។
អ្នកស្រី Fuerzina បានចាប់ផ្តើមសាក់លើរាងកាយក្នុងអំឡុងពេលអ្នកស្រីអាយុ២១ឆ្នាំ ។ ពេលនោះ អ្នកស្រីបានសម្រេចចិត្តសាក់ ដោយសារចង់បង្ហាញពីខ្លួនឯង និងភាពច្នៃប្រឌិតរបស់ខ្លួនតាមរយៈសិល្បៈស្នាមសាក់ ។ នៅឆ្នាំ២០១៤ អ្នកស្រីបានសម្រេចចិត្តវះកាត់អណ្តែតជា២ផ្នែក ពីព្រោះវាធ្វើឱ្យស្រីមានសេរីភាព និងជាម្ចាស់លើខ្លួនឯងខ្លាំងជាងមុន ។ ហេតុនេះ ស្នាមសាក់លើរាងកាយមិនត្រឹមតែបង្ហាញពីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណ និងភាពរឹងមាំទៀតផង ។
វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចទេ ដែលបានឃើញស្នាមសាក់លើខ្លួនប្រាណអ្នកស្រី Fuerzina ជាពិសេស អ្នកស្រីហ៊ានផ្លាស់ប្តូររាងកាយស្ទើរទាំងអស់ដោយមិនខ្លាចគ្រោះថ្នាក់ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ចំពោះការសាក់ពេញខ្លួនបែបនេះ?










