ប្រទេសឥណ្ឌា ៖ មហាសេដ្ឋីឥណ្ឌា២រូប និងស្ត្រីអមដំណើរម្នាក់បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ក្រោយពីមានការចែកចាយវីដេអូរបស់ពួកគេធ្វើដំណើរទៅថ្វាយបង្គំព្រះក្នុងវត្តស័ក្តិសិទ្ធិមួយនៅប្រទេសឥណ្ឌា ហើយបានពាក់មាសស្រោចពេញខ្លួនទាំងអស់ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មហាសេដ្ឋីឥណ្ឌាទាំង២រូប ព្រមទាំងស្ត្រី និងក្មេងតូចម្នាក់បានធ្វើដំណើរមកពីទីក្រុងពូណេ (Pune) ដើម្បីទៅវត្តស័ក្តិសិទ្ធិមួយនៅរដ្ឋ Andhra Pradesh ។ ពួកគេបានពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធពេញខ្លួន ដូចជា ៖ ខ្សែក, កងដៃ ដែលមានទម្ងន់រហូតដល់២៥គីឡូក្រាម ។
សារព័ត៌មានឥណ្ឌារាយការណ៍ថា មហាសេដ្ឋីទាំង២រូបជាអ្នកជំនួញដ៏ល្បីឈ្មោះនៅទីក្រុងពូណេ គឺលោក សាន់នី ណាណាសាហេប វ៉ាកាសូរី (Sunny Nanasaheb Waghchoure) ជាអ្នកជំនួញ និងវិនិយោគផ្នែកភាពយន្ត ព្រមទាំងលោក សាន់ជេ គូចា (Sanjay Gujar) ជាមិត្តភក្តិ ក៏ជាអ្នកវិនិយោគផ្នែកភាពយន្តដែរ ។ មហាសេដ្ឋីទាំង២រូប ត្រូវបានគេដាក់ឈ្មោះថា «The Golden Boys ប្រចាំទីក្រុងពូណេ» ។
ការដាក់ឈ្មោះ The Golden Boys នេះ គឺដោយសារពេលទៅណា មកណា ពួកគេតែងតែពាក់គ្រឿងអលង្ការធ្វើពីមាសសុទ្ធស្រោចខ្លួនទាំងអស់ ដូចជា ៖ ខ្សែក, កងដៃ, កងជើង, ទូរស័ព្ទដៃស្រោបមាស, វ៉ែនតាមាស និងបើករថយន្តទំនើបពណ៌មាស ទៅកាន់ទីកន្លែងផ្សេងៗ ។ ប៉ុន្តែគ្មានការបញ្ជាក់លម្អិតថា តើស្ត្រីម្នាក់ទៀត និងក្មេងប្រុសដែលដើរមកជាមួយគ្នា គឺជាអ្នកណាទេ ។.jpg)
ការធ្វើដំណើរមកវត្តស័ក្តិសិទ្ធិលើកនេះ បានធ្វើឱ្យមហាជនដែលធ្វើដំណើរមកវត្តដែរនោះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។ គេសង្កេតឃើញថា ពេលមហាសេដ្ឋីទាំង២រូប និងស្ត្រីម្នាក់ទៀតធ្វើដំណើរទៅកន្លែងណា គឺមានតែមហាជនយកទូរស័ព្ទដៃមកថតរូប ។ លើសពីនេះ មានក្រុមអង្គរក្សប្រមាណ១៥នាក់ដើរហែរហមឆ្វេងស្តាំ ដើម្បីការពារសុវត្ថិភាពមហាសេដ្ឋីគ្រប់ពេលវេលា ។
ចំណែកវត្តស័ក្តិសិទ្ធិនេះមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ហើយពលរដ្ឋឥណ្ឌាមានជំនឿថា មានទេវតាចុះពីលើមេឃមកជួយការពារមនុស្សឱ្យចៀសឆ្ងាយពីហេតុការណ៍អាក្រក់ ។ ហេតុនេះ ទើបពលរដ្ឋឥណ្ឌាយ៉ាងច្រើននាក់នាំគ្នាធ្វើដំណើរមកថ្វាយបង្គំព្រះ និងវត្ថុស័ក្តិសិទ្ធិនៅវត្តនេះ ចាប់ពី៧ម៉ឺន៥ពាន់នាក់ ទៅ៩ម៉ឺននាក់ក្នុង១ថ្ងៃ ៕










