យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង១១ពាន់លានដុល្លារអាម៉េរិក ដោយក្នុងនោះស្ទើរ១០០% ជាបំណុលសាធារណៈក្រៅប្រទេស។
បំណុលដែលកម្ពុជាខ្ចី ចែកជា២ក្រខណ្ឌ ដោយក្នុងនោះក្របខណ្ឌទ្វេភាគី មានជាង៧ពាន់លានដុល្លារ ឬស្មើនឹង៦៤ភាគរយ នៃបំណុលសរុប ស្របពេលដែលបំណុលពហុភាគី មានប្រហែល៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ៣៦ភាគរយ។
នៅក្នុងចំណោមបំណុលទាំងអស់ចិនជាម្ចាស់បំណុលច្រើនជាងគេដល់ទៅ ៣៧ភាគរយ ដោយលេខ២ធនាគារអភិវឌ្ឍន៍អាស៊ីមានចំនួន ២១ភាគរយ និងលេខ៣ធនាគារពិភពលោកចំនួន ១២ភាគរយ។
ជុំវិញបំណុលដ៏ច្រើននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្រ្ត “ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨” ដោយតម្រូវឱ្យ៖
- ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
- ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
- ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម:
- ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត
- ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់










