ថ្មីៗនេះ ថៃបានក្លាយជាប្រទេសដំបូងគេក្នុងទ្វីបអាស៊ី ដែលបានរកឃើញជំងឺអុតស្វាពូជថ្មី ប្រភេទ Clade 1b ដ៏កាចសាហាវ ចំនួន ១ ករណីដែលឆ្លងពីអាហ្វ្រិក ខណៈពិភពលោកកំពុងតែបារម្ភថាអាចនឹងឆ្លងរីករាលដាលកាន់តែច្រើនមួយរំពេច ដូចទៅនឹងទ្វីបអាហ្រ្វិកនាពេលបច្ចុប្បន្ននេះ។
យោងតាម CNBC News ក្រៅពីថៃ ក៏នៅមានប្រភេទអាស៊ីមួយចំនួនទៀតក៏បានរាយការណ៍ករណីឆ្លងនៃជម្ងឺនេះដូចគ្នាដែរ ដូចជាហ្វីលីពីន ស៊ុយអែត និងប៉ាគីស្ថានជាដើម។ ឯប្រទេសចិននិងឥណ្ឌា ក៏កំពុងតាមដានករណីសង្ស័យនៃជម្ងឺនេះផងដែរ។ អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១៤ ខែសីហា បានសម្តែងនូវការបារម្ភ ឲ្យប្រទេសនានាដាក់ចេញនូវវិធានការណ៍ដើម្បីទប់ស្កាត់។ តែយ៉ាងណា អ៊ុតស្វាមិនមែនជាជម្ងឺថ្មីដូចនឹងជម្ងឺកូវីដនោះទេ ដែលចំនួនឆ្លងស្ថិតនៅកម្រិតទាបនៅឡើយ ដូច្នេះអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការស្លន់ស្លោ។
ជំងឺអុតស្វាគឺផ្ទុះជាសកលអំឡុងឆ្នាំ ២០២២ ជាប្រភេទដើម Clade 2 ហើយក៏វិវត្តន៍ខ្លួនជាប្រភេទ Clade 1b ដែលជាពូជកាចសាហាវ និងមានអត្រាមរណៈខ្ពស់ជាង ពូជ Clade 2ទៅទៀត។ បច្ចុប្បន្ន ជំងឺអុតស្វាពូជបំប្លែងថ្មី Clade 1b បាននឹងកំពុងរីករាលដាលពាសពេញប្រទេសជាច្រើនក្នុងទ្វីបអាហ្រ្វិក ក្នុងនោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានរាយការណ៍អំពីករណីស្លាប់ដោយសារជម្ងឺនេះប្រមាណជាង ៥០០ នាក់រួចទៅហើយ។ ជម្ងឺនេះឆ្លងខ្លាំងពិសេសលើកុមារ និងក្មេងជំទង់ក្នុងទ្វីបអាហ្រ្វិក ដោយជាង ៦០% នៃករណីស្លាប់ សុទ្ធសឹងតែជាកុមារដែលមានអាយុក្រោម ៥ ឆ្នាំ។
គួរបញ្ជាក់ថា រោគសញ្ញានៃជំងឺអុតស្វា នឹងបណ្តាលឲ្យមានកន្ទួល ពងបែកលើស្បែក ឬឈានដំបៅនៅគ្រប់ទីកន្លែងនៃរាងកាយសូម្បីតែប្រដាប់ភេទ ហើយអ្នកជំងឺក៏អាចកើតមានរោគសញ្ញាផ្សេងៗ ដូចផ្តាសាយ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់និងអស់កម្លាំងជាដើម។ វានឹងវិវត្តន៍រោគសញ្ញាក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ហើយឆ្លងពីមនុស្សទៅមនុស្សម្នាក់ តាមរយៈការប៉ះរាងកាយជិតស្និត ការរួមភេទ និងការប្រើប្រាស់របស់របររួមផងដែរ៕










