កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន លោក គុយ វ៉ាត ថៅកែហាង Park Cafe ក្រោយពីបានឆបោកប្រាក់ និងចេញសែកស្អុយរាប់លានដុល្លារ។
ពាក់ព័ន្ធនឹងករណីនេះ លោក គុយ វ៉ាត ត្រូវរងបណ្តឹងចំនួន២ផ្សេងគ្នា ដែលអាចឱ្យលោកប្រឈមមុខជាប់ពន្ធនាគារជាច្រើនឆ្នាំ លើករណីការឆបោកប្រាក់ និងចេញសែកស្អុយ។
បទល្មើសទីមួយការចេញសែកស្អុយនេះ បើតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ បានចែងថា ”ចំពោះបុគ្គលណាដែលផ្តល់សិទ្ធិអំណាចឱ្យផ្ទេរប្រាក់ចេញពីគណនីរបស់ខ្លួន ដោយមានបំណងឱ្យបញ្ជាទូទាត់ តែមិនត្រូវបានទូទាត់សង ឬកែបន្លំឧបករណ៍អាចជួញដូរបាន ហើយបានប្រើប្រាស់ដោយដឹងជាឧបករណ៍អាចជួញដូរបានទាំងនោះ ជាឧបករណ៍កែបន្លំ ឬក្លែងក្លាយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ៥លានរៀល ដល់ ៥០លានរៀល”។
ដោយឡែកមួយករណីទៀត ការឆបោកវិញ អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៦លានរៀល តាមស្ថានទម្ងន់ទោសដែលខ្លួនបានប្រព្រឹត្តិ៕










