ប្រទេសឥណ្ឌា៖ ភូមិ Gangnauli ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌាត្រូវបានគេហៅក្រៅថាជា “ភូមិឋាននរក” ដោយសារមនុស្សភាគច្រើនរស់នៅទីនេះសុទ្ធតែបាត់.បង់.ជីវិត។
ភូមិ Gangnauli ឬហៅថា “ភូមិឋាននរក” គឺជាភូមិចម្លែកមួយដែលប្រជាជនរស់នៅទីនោះសុទ្ធតែកើតជំងឺមហារីកទាំងអស់ ដោយជំងឺមហារីកគឺបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សប្រហែល ៥,០០០ នាក់នៅទីនេះ។ យោងតាមរបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយមន្ទីរពេទ្យ Apollo នៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំ ២០២៤ បានហៅភូមិនេះថា “ជាភូមិនៃជំងឺមហារីកពិភពលោក”។

មូលហេតុដែលមនុស្សភាគច្រើនរស់នៅភូមិ Gangnauli សុទ្ធតែបាត់.បង់ជីវិត គឺដោយសារប្រភពទឹកនៅទន្លេ Ganges ត្រូវបានបំពុលយ៉ាងខ្លាំងដោយកាកសំណល់ឧស្សាហកម្មពីរោងចក្រផលិតស្ករ និងក្រដាស ជាហេតុធ្វើឱ្យកុមារកើតមកមានជំងឺមហារីកតែម្តង។ លើសពីនេះប្រជាជននៅទីនោះក៏មិនមានថវិការគ្រប់គ្រាន់ក្នុងការព្យាបាលដែរ ទើបបណ្តាលឱ្យមនុស្សស្លាប់ម្តងម្នាក់ៗ។ ដូច្នេះកន្លែងនេះត្រូវបានគេសម្គាល់ថាមានអត្រាមហារីកកើនឡើងច្រើនជាងគេ បើធៀបទៅនឹងតំបន់ផ្សេងទៀត។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះតុលាការជាតិបៃតងរបស់ប្រទេសឥណ្ឌា ដែលដោះស្រាយវិវាទបរិស្ថាន បានបញ្ជាឱ្យស៊ើបអង្កេតទៅលើអ្នកបំពុលជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រុកបាននិយាយថា គ្មានការផ្លាស់ប្តូរនោះទេ មានន័យថា ស្ថានភាពនៅតែដដែល។ អ្នកស្រុកម្នាក់ដែលកើតជំងឺមហារីកតាំងពីកំណើតបាននិយាយថា ពួកគេគ្រោងនឹងចាកចេញពីភូមិនេះ ទៅរស់នៅតំបន់ផ្សេងទៀត បើមិនធ្វើដូច្នេះទេគ្រួសាររបស់ពួកគេនឹងស្លាប់ទាំងអស់។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំមុនប្រទេសឥណ្ឌាមានករណីមហារីកសរុបចំនួន ១៣.៩ លានករណី ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១៥.៥ លានករណីក្នុងឆ្នាំ ២០២៥ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។ ដូច្នេះការកើនឡើងនៃអត្រាជំងឺមហារីកទូទាំងប្រទេសនេះគឺដោយសារតែឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស ការផ្លាស់ប្តូររបៀបរស់នៅ និងកត្តាបរិស្ថានបំពុល៕










