ប្រទេសចិន៖ ក្រុមហ៊ុនចិន Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតា Labubu បានរាយការណ៍ពីប្រាក់ចំណេញដ៏ធំបំផុតរបស់ខ្លួន ក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលខ្ពស់ជាងប្រាក់ចំណេញកាលពីឆ្នាំមុនទ្វេរដង។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុពាក់កណ្តាលឆ្នាំរបស់ក្រុមហ៊ុន Pop Mart International Group Co., Ltd. បានបង្ហាញថា ប្រាក់ចំណូលរបស់ខ្លួនគឺបានកើនឡើងដល់ជាង ៤.៥ ពាន់លានយន់ (ប្រមាណជាង ៦០០ លានដុល្លារអាមេរិក) កើនឡើង ៦២% ដែលតួលេខនេះគឺខ្ពស់ជាងប្រាក់ចំណូលកាលពីឆ្នាំមុនៗទៅទៀត ខណៈប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនគឺច្រើនជាង ២.៩ ពាន់លានយន់ កើនឡើង ៧២% ដែលកម្រិតនេះក៏ខ្ពស់ជាងប្រាក់ចំណេញក្នុងឆ្នាំ ២០២៣ ផងដែរ។
ដំបូងឡើយ Labubu គ្រាន់តែជាតុក្កតាមួយប្រភេទ ដែលដូចទៅនឹងតុក្កតាទូទៅប៉ុណ្ណោះ ដែលបានរចនាមានរូបរាងខ្ជូតៗ គួរឱ្យស្រលាញ់ និងពណ៌ចម្រុះដ៏គួរឱ្យទាក់ទាញ។ ប៉ុន្តែមូលហេតុដែលវាក្លាយទៅជាតុក្កតាដ៏ពេញនិយម ក៏ដូចជាល្បីល្បាញបំផុតនិងមានតម្លៃថ្លៃមួយរំពេចនោះ គឺដោយសារឥទ្ធិពលរបស់ Lisa សមាជិក Blackpink។ បន្ទាប់ពីនាងបានបង្ហោះរូបភាព Selfie ជាមួយតុក្កតាមួយនេះ ក៏បានធ្វើឱ្យវាលក់ដាច់ពីស្កុកតែម្តង ខណៈតម្លៃវិញគឺកើនឡើងទ្វេរដង។ សូម្បីអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនចិនក៏បានទទួលស្គាល់ដែរថា ការលក់ Labubu នេះគឺដោយសារឥទ្ធិពលរបស់ Lisa។ 
Labubu គឺជាតួអង្គមួយក្នុងចំនោមតួអង្គ Monster Kingdom ដែលរចនាឡើងដោយយកលំនាំតាមសត្វទន្សាយ ជាតួអង្គបីសាច ពោរពេញដោយភាពអង់អាច និងធ្មេញមុតស្រួច។ ទោះជាយ៉ាងណា តួអង្គនេះមិនគួរឱ្យខ្លាចទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញ វាបែរគួរឱ្យស្រលាញ់ខ្លាំងផងដែរ ដោយសាររូបរាងមូល ភ្នែកមូលធំ និងស្នាមញញឹមដ៏គួរឱ្យខ្នាញ់។ នៅក្នុង Monster Kingdom មិនត្រឹមតែមាន Labubu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួអង្គជាច្រើនទៀត ប៉ុន្តែមិនសូវជាទទួលបានភាពល្បីល្បាញដូច Labubu នោះទេ។
គួរបញ្ជាក់ដែរថា តួអង្គ Labubu ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយវិចិត្រករហុងកុងមួយរូបគឺលោក Kasing Lung ដែលត្រូវបានបំផុសគំនិតដោយតួអង្គក្នុងរឿងនិទាន Nordic។ លោកបានបង្ហើបថា ថ្វីត្បិតតែជាវាជាបិសាចក៏ពិតមែន ប៉ុន្តែ Labubu មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ហើយតែងតែជួយអ្នកដទៃ មិនមែនជាបិសាចអាក្រក់នោះទេ។ បច្ចុប្បន្នតុក្កតានេះគឺកំពុងទទួលបានមានប្រជាប្រិយភាពខ្លាំងបំផុតដោយបានឆក់យកបេះដូងមនុស្សម្នានៅជុំវិញពិភពលោក៕










