ទេព ពិសិដ្ឋ បានស្ងប់ស្ងាត់មួយរយៈដោយបានលួងចិត្តអ្នកគាំទ្រតាមរយៈការទម្លាក់អាល់ប៊ុមទី៣របស់ខ្លួន ខណៈបទ « taste love» កំពុងទទួលបានការគាំទ្រពីហ្វេនៗសូម្បីតែស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ក៏ពេញចិត្តបទនេះលេងនៅលើបណ្តាញសង្គមទិកតុកផងដែរ ហើយចំនួននៃការយកបទនេះលេងមានជិត៥០ម៉ឺនវីដេអូហើយ។.png)
ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រួមទាំងអ្នកក្នុងចង្កោមសិល្បៈបន្ទាប់ពីទម្លាក់បទ «20 OUT NOW» កាលពីខែសីហា ឆ្នាំ២០២៣។ បទនេះ ទេព ពិសិដ្ឋ ទទួលបានផ្លែផ្កាយ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុក ឬទិកតុក ភាគច្រើនគឺឮសូរតែបទនេះ ជាពិសេសការងារសិល្បៈរបស់ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី២ រូបនេះកាន់តែហូរចូលមិនលោះថ្ងៃទាំងបណ្តាខេត្តនិងនៅរាជធានីភ្នំពេញ។ រូបលោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងលើអាជីពសិល្បៈបន្ទាប់ពីបានផ្លាស់ប្តូរច្រៀងបទមនោសញ្ចេតនាមកច្រៀងរ៉េប។
បន្ទាប់ពីបានសាងភាពល្បីល្បាញតាមរយៈបទ « 20 Out Now » ទេព ពិសិដ្ឋ បានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមិនសូវបង្ហាញសកម្មភាពតាមបណ្តាញសង្គម ខណៈក៏បានបង្ហាញតាមគណនីរបស់ខ្លួនដែរថា ផេករបស់លោកត្រូវបានគេហែក។ ទោះយ៉ាងណាភាពស្ងប់ស្ងាត់នេះ ទេព ពិសិដ្ឋ បានលួងចិត្តរបស់អ្នកគាំទ្រដោយបានទម្លាក់អាល់ប៊ុមទី៣របស់ខ្លួនកាលពីខែកក្កដា នេះ។ បទមួយក្នុងចំណោមបទទាំង៧ នៅក្នុងអាល់ប៊ុមទី៣ មានចំណងជើងថា « taste love » ឬ រសជាតិស្នេហា កំពុងតែទទួលបានការគាំទ្រពីទស្សនិកជន។ ត្រង់ឃ្លា «ស្នេហាមានរសជាតិយ៉ាងមិចទៅ តើអាចប្រាប់បងបានទេណាពាលពៅ..» បានក្លាយជានិន្នាការដ៏ល្បីរបស់ ទេព ពិសិដ្ឋ បន្ទាប់ពីបទ 20 OUT Now ។
មិនត្រឹមតែអ្នកគាំទ្រ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេដែលពេញចិត្តបទចម្រៀងនេះ សូម្បីតែស្រីស្អាត ឡូរីន គូស្នេហ៍របស់ វណ្ណដា ក៏បានយកបទនេះមកលេងនៅលើបណ្តាញសង្គមរបស់នាងផងដែរ។ បទថ្មីរបស់ ទេព ពិសិដ្ឋ គឺមានការចូលលេងជិត៥០ម៉ឺនវីដេអូ ខណៈមានការស្តាប់ជាង២លានដងនៅលើបណ្តាញសង្គមយូធូបដែលជាបទទទួលបានការចាប់អារម្មណ៍ជាងគេនៅក្នុងអាល់ប៊ុមទី៣របស់លោក៕










