ព្រះនាងតូច “Charlotte Elizabeth Diana” ដែលជាបុត្រីរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate ថ្មីៗនេះបានទទួលមរតកគ្រឿងអលង្ការដ៏មានតម្លៃជាច្រើនពីស្តេច Charles ដែលជាស្តេចនៃប្រទេសអង់គ្លេស។
ព្រះនាងមានព្រះជន្មទើបតែ ៩ ព្រះវស្សាប៉ុណ្ណោះ ប៉ុន្តែបានទទួលមរតកបាត់ទៅហើយ ដោយមរតកទាំងនោះ គឺជាគ្រឿងអលង្ការប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។
អ្វីដែលពិសេសនិងគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ព្រះនាងតូច Charlotte នឹងក្លាយជាអ្នកស្នងមកុដ Spencer tiara ដែលធា្លប់ជាកម្មសិទ្ធរបស់ជីដូននាង Diana នាពេលអនាគត។ មកុដ Spencer tiara ដ៏អស្ចារ្យនេះគឺមានតម្លៃខ្ពស់ខ្លាំងណាស់ត្រូវបានពាក់ដោយម្ចាស់ក្សត្រី Diana នៅក្នុងពិធីមង្គលការរបស់នាងជាមួយព្រះអង្គម្ចាស់ Charles ក្នុងឆ្នាំ ១៩៨១។ មកុដនេះរចនាឡើងក្នុងរចនាប័ទ្មកម្រងផ្កា ដែលមានបេះដូងនៅចំកណ្តាល រាយបន្តបន្ទាប់ រួមជាមួយនឹងផ្កាយ៉ាងស្រស់ស្អាតបំផុត។
លើសពីនេះមកុដក៏ត្រូវបានតុបតែងដោយត្បូងពេជ្របង្កប់នៅលើផ្ទៃខាងក្រោយមាសផងដែរ។ ក្រៅពីមកុដដ៏អស្ចារ្យនេះព្រះនាងតូច Charlotte ក៏ទទួលបានចិញ្ចៀនភ្ជាប់ពាក្យត្បូងកណ្តៀងដ៏ល្បីល្បាញរបស់ជីដូននាង Diana ផងដែរ ដោយបច្ចុប្បន្នចិញ្ចៀននេះត្រូវបានពាក់ដោយព្រះនាង Kate ដែលជាព្រះមាតារបស់ Charlotte ។ បន្ថែមពីនេះព្រះនាងតូចក៏ទទួលបានមរតកគ្រឿងអលង្ការជាច្រើនទៀតផងដែររួមមាន៖ ក្រវិលពណ៌បៃតង, ចិញ្ចៀនសន្យា, ឈុតគ្រឿងអលង្ការកីឡាអូឡាំពិក Cartier នាឡិកា Ballon Bleu Cartier ក៏ដូចជាក្រវិលអាមេទីស ខ្សែកផ្កាកូលាប និងខ្សែកត្រីមាស ដែលទាំងអស់នេះសុទ្ធតែធ្វើពីមាស ពេជ្រ និងត្បូងមានតម្លៃជាច្រើន។

គួរបញ្ជាក់ដែរថា ព្រះនាងតូច Charlotte គឺជាបុត្រីបង្កើតរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Kate និងជាចៅស្រីបង្កើតរបស់ស្តេចអង់គ្លេសនាពេលបច្ចុប្បន្ននេះផងដែរ។ ទោះបីជាព្រះនាងទើបតែមានព្រះជន្ម ៩ ព្រះវស្សាក៏ដោយ តែព្រះនាងបានក្លាយជារាជវង្សវ័យក្មេងដំបូងបង្អស់របស់អង់គ្លេសដែលមានសិទ្ធកាន់កាប់មរតកគ្រឿងអលង្ការដ៏មានតម្លៃជាច្រើនពីស្តេចអង់គ្លេសនាពេលអនាគត ខណៈព្រះមាតាទ្រង់គឺព្រះនាង Kate ក៏ទទួលគ្រឿងអលង្ការជាច្រើនពីខ្សែរាជវង្សនេះផងដែរ ដោយទ្រពសម្បត្តិទាំងនោះមានតម្លៃសរុបប្រហែល ១៦.៥ លានផោន (ប្រមាណជាង ២១ លានដុល្លារអាមេរិក)៕










