ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈនាយករដ្ឋមន្ត្រីទាំង៣រូប បានបង្ហាញនូវក្តីរីករាយដែលលោកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ទី៣១ ។ លោកស្រីបញ្ជាក់ថា នឹងប្តេជ្ញាសហការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីប្រទេសទាំង៣ ។.jpg)
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានសរសេរក្នុងបណ្តាញសង្គម X ទៅកាន់មេដឹកនាំប្រទេសជិតខាងចំនួន៣ រួមមាន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ។
លោកស្រីថ្លែងថា សូមអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានចូលរួមបង្ហាញក្តីរីករាយមុនគេ ពេលលោកស្រីធ្វើជានាយករដ្ឋមន្ត្រី ហើយលោកស្រីបញ្ជាក់ កម្ពុជា គឺជាប្រទេសនៅជិតខាង និងជាដៃគូយុទ្ធសាស្ត្ររបស់ថៃ ។ ប្រទេសថៃនឹងធ្វើពិធីអបអរខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នៅឆ្នាំ២០២៥ ហើយថៃនឹងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ។
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផងដែរ ដែលលោកបានសរសេរក្នុងបណ្តាញសង្គម X ដើម្បីចូលរួមរីករាយ ដែលលោកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ ។
លោកស្រីបញ្ជាក់ថា ថៃ និងម៉ាឡេស៊ី ជាប្រទេសជិតខាងគ្នាដែលមានទំនាក់ទំនងល្អយូរមកហើយ ។ កិច្ចសហការជិតសិ្នទ្ធរយៈពេលកន្លងមកក្នុងការងាររបស់អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជួយជំរុញដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ។ លោកស្រីសង្ឃឹមថា នឹងសហការជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការជំរុញមិត្តភាព, កិច្ចសហការជិតស្និទ្ធ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ។
ក្រៅពីនេះ លោកស្រីក៏បានថ្លែងអំណរគុណដល់លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ ដែលលោកបានបង្ហាញក្តីរីករាយមកកាន់លោកស្រីពេលឡើងជានាយករដ្ឋមន្ត្រីថៃ ។
លោកស្រីថ្លែងថា ថៃ និងសិង្ហបុរី គឺជាមិត្តនឹងគ្នា ព្រមទាំងជាដៃគូជិតស្និទ្ធ ។ ក្នុងឱកាសប្រទេសទាំងពីរប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ លោកស្រីសង្ឃឹមថា នឹងសហការជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងក្នុងតំបន់បន្តទៀត ៕










