ប្រទេសថៃ ៖ ពេលតុលាការធម្មនុញ្ញប្រទេសថៃសម្រេចចិត្តដកតំណែងនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន បាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួនថា លោកគោរពការសម្រេចចិត្តរបស់តុលាការ ។ រយៈពេលជាង១ឆ្នាំដែលលោកបានធ្វើជានាយករដ្ឋមន្ត្រី លោកប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ជានិច្ច ហើយលោកពុំដឹងថា មានកំហុសឆ្គងត្រង់ចំណុចណាទេ ។
ក្រោយតុលាការធម្មនុញ្ញសម្រេចចិត្តដកហូតតំណែងនាយករដ្ឋមន្ត្រី ករណីលោក ស្រេតថា ថាវីស៊ីន បានប្រព្រឹត្តខុសក្រមសីលធម៌ធ្ងន់ធ្ងរ និងតែងតាំងលោក ពិឈិត ឈឺនបាន ជារដ្ឋមន្ត្រីប្រចាំការិយាល័យនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាលថា លោកសោកស្តាយណាស់ ដែលត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងនាយករដ្ឋមន្ត្រីពីលោក ដោយសារចោទប្រកាន់ថា លោកគ្មានក្រមសីលធម៌ ។

-
- លោកបញ្ជាក់ថា សូមកុំមើលលោកក្នុងផ្លូវអវិជ្ជមានបែបនេះ ពីព្រោះលោកមិនមែនជាមនុស្សបែបនេះឡើយ ហើយលោកក៏មិនបន្ទោសអ្នកណាម្នាក់ដែរ ។ លោកសូមអរគុណ តុលាការធម្មនុញ្ញដែលអនុញ្ញាតឱ្យភាគីទាំងអស់បញ្ចេញមតិ ហើយលោកគោរពតាមការសម្រេចចិត្តរបស់តុលាការនេះ ។ រយៈពេលជាង១ឆ្នាំកន្លងមក លោកបានធ្វើការប្រកាន់នូវភាពស្មោះត្រង់ជានិច្ច ហើយលោកពុំជ្រាបថា មានកំហុសឆ្គងត្រង់ចំណុចណាទេ ។
លោកបន្តថា លោកពុំចង់មើលវាក្នុងផ្លូវអវិជ្ជមាន បើទោះជាការសម្រេចរបស់តុលាការធម្មនុញ្ញពុំដូចនឹងការរំពឹងទុករបស់លោកក្តី ។ វាជាតួនាទីរបស់សភា ដែលត្រូវរកនាយករដ្ឋមន្ត្រីថ្មីមកកាន់តំណែងជំនួសលោក ។
ស្ថានីយទូរទស្សន៍ CNN រាយការណ៍ថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញប្រទេសថៃ គឺហួសពីការរំពឹងទុករបស់អ្នកវិភាគនយោបាយជាច្រើនរូប ។ ការសម្រេចរបស់តុលាការនឹងធ្វើឱ្យស្ថានភាពនយោបាយថៃកាន់តែមានភាពមិនប្រាកដប្រជាខ្លាំងឡើង ពីព្រោះនាពេលថ្មីៗនេះ តុលាការក៏ទើបតែសម្រេចរំលាយគណបក្សកាវក្លៃ និងពុំអនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សកាវក្លៃប្រឡូកក្នុងនយោបាយ រយៈពេល១០ឆ្នាំ ។
រីឯសារព័ត៌មាន The Straits Times រាយការណ៍ថា លោក ស្រេតថា ថាវីស៊ីន ជាសេដ្ឋីអចលនទ្រព្យនៅប្រទេសថៃ និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីទី៤ ក្នុងរយៈពេល១៦ឆ្នាំ ដែលត្រូវបានតុលាការធម្មនុញ្ញដកហូតពីតំណែង ខណៈលោក ស្រេតថា ថាវីស៊ីន បានធ្វើជានាយករដ្ឋមន្ត្រីមិនដល់១ឆ្នាំផង ។
សារព័ត៌មាននេះរាយការណ៍ទៀតថា ជំហានបន្ទាប់ រដ្ឋសភាថៃនឹងត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្របពេលស្ថានភាពនយោបាយថៃមិនប្រាកដប្រជាអស់រយៈពេលជាង២០ឆ្នាំ ដោយសារការធ្វើរដ្ឋប្រហារ រហូតដល់តុលាការសម្រេចរំលាយរដ្ឋាភិបាល និងរំលាយគណបក្សនយោបាយនានា ។ ការសម្រេចចិត្តដកនាយករដ្ឋមន្ត្រីចេញពីតំណែងនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា តុលាការនេះមានអំណាចយ៉ាងខ្លាំងអាចសម្រេចចិត្តគ្រប់បែបយ៉ាង ៕










