វណ្ណដា បានវិលត្រឡប់មកពីប្រទេសបារាំងវិញដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្រ្តីជាន់ខ្ពស់កីឡាអូឡាំពិកកម្ពុជា ឪពុកម្តាយ ក្រុមការងារ និងហ្វេនៗជាដើម។ ប៉ុន្តែនៅពេលរូបភាពបានលេចឡើងនៅលើបណ្តាញសង្គមក្នុងគ្រាដែល វណ្ណដា មិនបានដោះមួកចេញបានធ្វើឱ្យមានមតិផ្សេងៗរហូតតារាចម្រៀងរូបនេះបានចេញសារសូមអភ័យទោសនូវកំហុសឆ្គងមួយនេះ។
នៅព្រឹកថ្ងៃទី១៤ សីហា វណ្ណដា បានមកដល់ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយបន្ទាប់ពីសាងមុខមាត់ជាតិនៅក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ ក្រៅពីមន្រ្តីជាន់ខ្ពស់ទៅទទួលស្វាគមន៍ដោយផ្ទាល់គឺឪពុកម្តាយ វណ្ណដា ក៏បានទៅទទួលស្វាគមន៍កូនប្រុសយ៉ាងកក់ក្តៅមិនឱ្យកូនប្រុសដឹងមុននោះទេ។
ទោះយ៉ាងណា បន្ទាប់ពីរូបភាពលេចឡើងនៅលើបណ្តាញសង្គមដែលឃើញ វណ្ណដា មិនបានដោះមួកនោះបានធ្វើឱ្យមតិមួយចំនួនលើកឡើងពីបញ្ហាសុជីវធម៌ក្នុងនាមជាកូនខ្មែរ មិនគួរពាក់មួកបែបនេះនោះទេ។ ក្រោយសកម្មភាពពាក់មួករបស់ខ្លួនមានអ្នកមួយចំនួនតូចមិនពេញចិត្ត វណ្ណដា ក៏បានចេញសារសូមទោសចំពោះកំហុសឆ្គងនេះដែរ។.jpg)
តាមរយៈ story វណ្ណដា បានសរសេរថា « Surprised by mom and dad at the airport
សូមទោសប៉ាម៉ាក់ និង លោកពូ រឿងមួកផង ព្រោះពាក់ជាប់ ជិត២០ម៉ោងហើយ ក្មួយសូមអភ័យទោស កំហុសមួយនេះ ហើយអរគុណអ្នកទាំងអស់គ្នាដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងស្វាគមន៍យ៉ាងកក់ក្ដៅ»។ story មួយទៀត វណ្ណដា បានបង្ហាញអារម្មណ៍ដែរថា «គេងស្ទើរហើយ វ៉ាក់អើបង អ្នកកាសែតទៀត ចង់គាំងប្រដាប់គិត..»។
វត្តមានរបស់តារាចម្រៀងរ៉េប វណ្ណដា សម្តែងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជនកម្ពុជាកម្ពុជាមានមោទនភាពយ៉ាងខ្លាំងព្រោះសិល្បករកម្ពុជាបានជួយលើកស្ទួយ លើកតម្កើនជាតិនៅលើអន្តរជាតិ។ ឱកាសមានមិនច្រើននោះទេសម្រាប់សិល្បករកម្ពុជាខណៈលោកជាសិល្បករកម្ពុជាដំបូងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោកទោះបីជាកម្ពុជាមិនទទួលបានមេដាយពីការប្រកួតតែវត្តមាន វណ្ណដា ប្រៀបដូចជាកម្ពុជាបានមេដាយមាសមួយដែរ៕










