រូបភាពមួយសន្លឹកថតក្នុងអំឡុងទសវត្ស ៦០ ដោយអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ស្ថិតនៅចំពីមុខតួអេហ្វេល ទីក្រុងបារីស ប្រទេសបារាំង បានអង្រួនបេះដូងមហាជនគ្រប់ៗរូប។ ខណៈថ្មីៗនេះ វត្តមានរបស់វណ្ណដា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបណ្តាលឲ្យមហាជនគ្រប់ៗរូបលើកឡើងថា« វណ្ណដា ម្នាក់នេះហើយគឺជាអ្នកស្នងតំណែងពីអធិរាជសម្លេងមាស»។ 
កាលពីសម័យសង្គមរាស្រ្តនិយម លោកតាស៊ីន ស៊ីសាមុត បាននឹងកំពុងបម្រើការនៅលើវិស័យសិល្បៈចម្រៀង លោកបានទទួលកិត្តិយសដ៏មហាឧត្តុង្គឧត្តមណាស់ ដោយបានទៅបំពេញបេសកកម្មនៅក្រៅប្រទេស អមដង្ហែសម្តេចព្រះប្រមុខរដ្ឋ (ព្រះនរោត្ដម សីហនុ) ទៅកាន់ប្រទេសជាមិត្តនានានៅជុំវិញពិភពលោក ដោយកាលនោះលោកតាស៊ីន ស៊ីសាមុត នៅក្នុងវង់តន្រ្តីរបាំព្រះរាជទ្រព្យផង និងវង់តន្រ្តីសម័យដង្ហែសម្តេចព្រះប្រមុខរដ្ឋផង។ 
រូបថតដ៏ល្បីល្បាញមួយសន្លឹករបស់លោកតាស៊ីន ស៊ីសាមុត បានថតនៅមុខតួអេហ្វេល ទីក្រុងបារីស អំឡុងពេលបំពេញបេសកកម្មសិល្បៈដង្ហែព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចព្រះប្រមុខរដ្ឋ ព្រះនរោត្តម សីហនុ អំឡុងឆ្នាំ ១៩៦៣-១៩៦៤។ បន្ទាប់មក បទចម្រៀងមួយបទ ក្រោមចំណងជើងថា លាហើយបារីស ដែលទំនុកច្រៀង បទភ្លេង និងច្រៀងផ្ទាល់ពីលោកតា ស៊ីន ស៊ីសាមុត យ៉ាងពិរោះរណ្តំក៏បានលេចចេញមក (លាហើយបារីស ស្ថិតនៅក្នុង Album ចម្រៀងរបស់ផលិតកម្ម«តន្រ្តីវត្តភ្នំ»ថាសចម្រៀងលេខ ៤៥-៥០៨៨) ។ 
លោកតា ស៊ីន ស៊ីសាមុត ជាជនជាតិខ្មែរ ប្រសូត្រនៅថ្ងៃទី ២៣ ខែសីហា ឆ្នា១៩៣៣ ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងនិងក្រៅប្រទេស អំឡុងទសវត្សរ៍ឆ្នាំ៥០ ដល់ ៧០ ត្រូវបានផ្តល់រហស្សនាមថាជា អធិរាជសំឡេងមាស ដែលបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោកតា “ស៊ីន ស៊ីសាមុត” បានទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។

ភាពល្បីល្បាញរបស់លោកតា ស៊ីន ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រស់ជាតិ អន្លង់អន្លោច សប្បាយ កម្សត់ខ្លោចផ្សារផ្សេងៗ។ បទចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត សរុបមានចំនួន១២០០បទ ដែលក្នុងនោះជាស្នាដៃនិពន្ធផ្ទាល់ពីលោកតា ក៏ដូចជាជាមួយដៃគូអ្នកនិពន្ធនិងផលិតកម្មនានាកាលពីសម័យនោះ៕










