កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា បានសម្តែងនូវអារម្មណ៍មានមោទនភាពចំពោះតារារ៉េប វណ្ណដា ដែលបានក្តោបឱកាសធំសម្តែងក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤។ លើសពីនេះតារាចម្រៀងក្រសោបភាពល្បីល្បាញមិនរីងស្ងួតរូបនេះបានលើកឡើងថា វណ្ណដា គឺជាបុរសម្នាក់មិននិយាយអ្វីច្រើនប៉ុន្តែនឹងធ្វើឱ្យឃើញតែម្តង។.png)
ទស្សនិកជនជ្រាបមកហើយថា វណ្ណដា គឺជាសិល្បកររ៉េបដំបូងបានបំបែកប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្នុងការចូលរួមសម្តែងក្នុងមហាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោកដែលបារាំងធ្វើជាម្ចាស់ផ្ទះខណៈមានការទស្សនារាប់លាននាក់នៅទូទាំងពិភពលោក។ ប្រការនេះបានធ្វើឱ្យ វណ្ណដា ទទួលបានការចាប់អារម្មណ៍ភ្លូកភ្លូកដីមានការចុះផ្សាយពីកាសែតធំៗទាំងជាតិនិងអន្តរជាតិ។ ក្នុងនោះថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំប្រទេសកម្ពុជាក៏បានកោតសរសើរចំពោះសិល្បករ វណ្ណដា តារាចម្រៀងប្រចាំផលិតកម្មបារមី ព្រោះវត្តមានរបស់លោកបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។
ភាពភ្ញាក់ផ្អើលពេញដោយអារម្មណ៍មោទនភាពនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានពោលពាក្យខ្លីទៅកាន់ ម៉ាន់ វណ្ណដា ជាសិស្សប្អូនជំនាន់ក្រោយផងដែរ។ អ្នកនាងបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនពេញដោយអារម្មណ៍រំភើបមានមោទនភាពថា «បុរសម្នាក់នេះ មិននិយាយអ្វីច្រើន តែបុរសម្នាក់នេះនឹងធ្វើឱ្យអ្នកឃើញ So Proud of you»។
គួរបញ្ជាក់ថាកាលពីកន្លងទៅនេះក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោតារាចម្រៀង ឱក សុគន្ធកញ្ញា និង វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមកក្រើកយ៉ាងខ្លាំងហើយតារាទាំងពីរដួងបានបង្ហាញកាយវិការដ៏គួរឱ្យស្រលាញ់ធ្វើឱ្យអ្នកគាំទ្ររំភើបពន់ពេក។ កាលពីឆ្នាំ២០២៣ អ្នកទាំងពីររួមទាំងតារាចម្រៀងផ្សេងទៀតមានឱកាសបានរួមការងារជាមួយគ្នាជាមួយព្រឹត្តិការណ៍ផ្សព្វផ្សាយចរាចរណ៍ មានការប្រគំតន្ដ្រី ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ៕.png)










