Pura 70 Ultra ដែលជាស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតរបស់ក្រុមហ៊ុនចិន Huawei បានយកឈ្នះទូរស័ព្ទកំពូលៗជាច្រើនក្នុងការសាកល្បងថាមពលថ្ម។
នេះបើយោងតាម TeckNick ដែលជាបណ្តាញ YouTube បច្ចេកវិទ្យាមានអ្នកជាវជិត ៥ សែននាក់ បានសាកល្បងអាយុកាលថ្មរបស់ស្មាតហ្វូនឈានមុខគេចំនួន ៧ ម៉ូដែលរួមមាន Samsung Galaxy S24 Ultra, Huawei Pura 70 Ultra, Xiaomi 14 Ultra, Vivo X100 Ultra, Vivo X100 Pro, Honor Magic6 Pro និង iPhone 15 Pro Max ។ 
មុនពេលចាប់ផ្តើម ទូរស័ព្ទនីមួយៗត្រូវបានបញ្ចូលថ្មឱ្យពេញរហូតដល់ ១០០% ក្នុងនោះគេសង្កេតឃើញថា Xiaomi 14 Ultra គឺជាស្មាតហ្វូនដែលឆាប់អស់ថ្មបំផុត បន្ទាប់ពីប្រើប្រាស់អស់រយៈពេល ៧ ម៉ោង ហើយ Vivo X100 Ultra, Galaxy S24 Ultra, និង iPhone 15 Pro Max គឺសុទ្ធតែជាស្មាតហ្វូនដែលមានថាមពលថ្មខ្សោយបន្ទាប់ពីប្រើប្រាស់ត្រឹមរយៈពេល ៨ ទៅ ៩ ម៉ោងជាប់គ្នា។ ទោះជាយ៉ាងណាក្រឡែកមកមើល Huawei Pura 70 Ultra វិញគឺមានថាមពលថ្មខ្លាំងបំផុត អាចប្រើប្រាស់បានរហូតដល់ ១១ ម៉ោង ត្រូវបានគេទទួលស្គាល់ថាជាស្មាតហ្វូនដែលកាន់ថ្មយូរជាងគេបង្អស់ឈរនៅចំណាត់ថ្នាក់លេខ ១ ។
ខណៈ Honor Magic6 Pro និង Vivo X100 Pro ឈរនៅចំណាត់ថ្នាក់លេខ ២-៣ រៀងគ្នា។ ក្រៅពីសមត្ថភាពថ្មគេហទំព័រ TeckNick ក៏យកចិត្តទុកដាក់លើសីតុណ្ហភាពនៅពេលធ្វើតេស្តផងដែរ ព្រោះនេះជាកត្តាសំខាន់ដែលប៉ះពាល់ដល់អាយុកាលថ្ម និងដំណើរការទាំងមូលរបស់ឧបករណ៍។ នៅក្នុងការធ្វើតេស្តនេះ Xiaomi 14 Ultra មានការកើនឡើងសីតុណ្ហភាពខ្ពស់បំផុតរហូតដល់ ៤០.៦ អង្សាសេនៅចុងបញ្ចប់ ហើយiPhone 15 Pro Max ជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានសីតុណ្ហភាព ៣៩.៣ អង្សាសេ និង Galaxy S24 Ultra ៣៦.៤ អង្សាសេ Vivo X100 Ultra និង X100 Pro ទាំងពីរបានកត់ត្រា ៣៤.៨ និង ៣៤.៧ អង្សាសេ។
ទន្ទឹមនឹងនេះ Huawei Pura 70 Ultra រក្សាសីតុណ្ហភាពត្រជាក់បំផុតត្រឹមតែ ៣២.៨ អង្សាសេប៉ុណ្ណោះ ដែលបង្ហាញពីការគ្រប់គ្រងកំដៅប្រកបដោយប្រសិទ្ធភាពនៅលើស្មាតហ្វូននេះ។ គួរបញ្ជាក់ដែរថា Huawei Pura 70 Ultra ក៏ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតផងដែរ ត្រូវបានចេញលក់ដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ដោយស្មាតហ្វូននេះត្រូវបានគេកក់ទុកយ៉ាងលឿននៅលើហាងអនឡាញរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ៕










