ប្រទេសម៉ុងតេណេហ្គ្រោ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋរស់នៅប្រទេសម៉ុងតេណេហ្គ្រោ (ស្ថិតនៅភាគអាគ្នេយ៍តំបន់អឺរ៉ុប) បានបង្ហាញការបារម្ភពីចំនួនភ្ញៀវទេសចរបរទេសច្រើនលើសលប់មកលេងទីក្រុង Kotor ជាទីក្រុងបេតិកភណ្ឌពិភពលោក របស់ម៉ុងតេណេហ្គ្រោ ក្រោយពីទីក្រុងនេះធ្លាប់ជាកន្លែងថតភាពយន្តដ៏ល្បីល្បាញរឿង «James Bond» ។
ពលរដ្ឋម៉ុងតេណេហ្គ្រោនិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសរបស់ពួកគេច្រើនលើសលប់នាពេលបច្ចុប្បន្ន បានបណ្តាលឱ្យការធ្វើចរាចរតាមផ្លូវនានាក្នុងទីក្រុងកកស្ទះយ៉ាងខ្លាំង ។ ទីក្រុង Kotor មានទីតាំងនៅជាប់ឆ្នេរសមុទ្រ គឺជាទីក្រុងដ៏ស្រស់ស្អាតរបស់ប្រទេសម៉ុងតេណេហ្គ្រោ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក កំពុងតែប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ពីព្រោះផ្លូវតូចៗក្នុងទីក្រុងនេះពោរពេញទៅដោយភ្ញៀវទេសចរបរទេសមកលេងនៅរដូវក្តៅ ។
ទីក្រុង Kotor ដែលជាប់ឆ្នេរសមុទ្រមួយនេះ ធ្លាប់បានបង្ហាញក្នុងភាពយន្តរឿង James Bond ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ២០០៦ ។ បន្ទាប់មក ទីក្រុងនេះក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរបរទេស និងមាននាវាកម្សាន្តយ៉ាងច្រើនសំដៅមកទីក្រុងនេះជាហូរហែនាពេលបច្ចុប្បន្ន ។
វិស័យទេសចរណ៍បានរួមចំណែក១ផ្នែក ក្នុងចំណោម៤ផ្នែក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសម៉ុងតេណេហ្គ្រោ និងផ្តល់ប្រាក់ចំណូលប្រមាណ២៤,៥% របស់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ កាលពីឆ្នាំ២០២២ ។
ពលរដ្ឋម៉ុងតេណេហ្គ្រោម្នាក់ដែលធ្វើការក្នុងហាងលក់វត្ថុអនុស្សាវីយ៍ក្នុងទីក្រុងឆ្នេរសមុទ្រនិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកលេងទីក្រុងឆ្នេរសមុទ្រច្រើនពេក វាធ្វើឱ្យអ្នកស្រុករស់នៅក្នុងតំបន់ប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងគ្មានកន្លែងចតរថយន្តទេ ។
ចំណែកលោក ចូវ៉ានរូស្ទិក ជាបុគ្គលិកភ្នាក់ងារទេសចរណ៍ប្រចាំតំបន់ទទួលស្គាល់ថា ជីវិតរស់នៅរបស់អ្នកស្រុកនៅទីនេះ កាន់តែលំបាកខ្លាំងឡើងក្នុងរដូវកាលមានភ្ញៀវទេសចរច្រើន ពីព្រោះចំនួននាវាកម្សាន្តមកចតនៅពាសពេញកំពង់ផែ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ 
លោក ចូវ៉ានរូស្ទិក សន្និដ្ឋានថា នឹងមាននាវាកម្សាន្តរបស់ភ្ញៀវទេសចរធ្វើដំណើរមកកាន់ទីក្រុង Kotor នឹងស្មើប្រមាណ៥០០គ្រឿងនៅឆ្នាំ២០២៤ ។ បច្ចុប្បន្ន ភ្ញៀវទេសចរបរទេសដែលជិះនាវាកម្សាន្ត ពួកគេត្រូវចំណាយប្រាក់ចំនួន១អឺរ៉ូក្នុងម្នាក់ (ឬស្មើជាង៣ពាន់រៀល) មុនពេលចូលក្នុងទីក្រុង Kotor ៕










