អ្នកនាង នាង សុវ៉ាតនា ហៅឌីជេ ណាណា បានកោតសរសើរទេពកោសល្យតន្រ្តីនិងសមត្ថភាពរបស់ តារារ៉េប វណ្ណដា ប៉ុន្តែបានបង្ហាញការមិនចូលចិត្តលើទៅលើរូបភាពបង្ហាញបារីនិងគ្រឿងស្រវឹង។ ក្នុងនោះពិធីការិនីរូបនេះចង់ឱ្យអ្នកមានឥទ្ធិពលទាំងឡាយព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងជំនាន់ក្រោយ។
ការបង្ហាញខ្លួនរបស់ វណ្ណដា ក្នុងការសម្តែងបទ «Time To Rise» នៅឯពិធីបិទកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤ បានធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីមិនមែនតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ។ កាសែតបារាំង សារព័ត៌មានអន្តរជាតិនានា រួមទាំងប្រទេសជិតខាងដែលឧស្សាហ៍ចុះផ្សាយភាពអវិជ្ជមានរបស់កម្ពុជាក៏បានបង្ហាញអារម្មណ៍មោទនភាពដូចគ្នាដែលតារាចម្រៀងរូបនេះមានវត្តមានក្នុងការសម្តែងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនិងធំបំផុតលើពិភពលោក។
មិនត្រឹមតែហ្វេនៗប៉ុណ្ណោះទេ អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបក៏បានបង្ហាញអារម្មណ៍មានមោទភាពចំពោះតារារ៉េប វណ្ណដា ដូចគ្នាដែលសាងភាពលេចធ្លាធ្វើឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្រើន។ ជាមួយគ្នានេះឌីជេ ណាណា ដែលជាពិធីការិនីនិងជាអ្នកនិយាយលើកទឹកចិត្តតាមបណ្តាញសង្គមដ៏មានប្រជាប្រិយភាពក៏បានសរសើរទៅលើសមត្ថភាពរបស់ វណ្ណដា ដូចគ្នាហើយអ្នកនាងក៏ហ៊ាននិយាយត្រង់ៗចំពោះរូបភាពដែលមិនពេញចិត្តសកម្មភាពចំនួនពីររបស់ វណ្ណដា។
ថ្ងៃទី១២ សីហា ឌីជេ ណាណា បានចែករំលែកការសម្តែងរបស់ វណ្ណដា ក្នុងព្រឹត្តិការណ៍បិទកីឡាអូឡាំពិកថា «មិនចូលចិត្តតែមួយទេគឺការបង្ហាញបារី និងគ្រឿងស្រវឹងក្នុងMVនានាកន្លងមក តែក៏មិនអាចបដិសេធទេពកោសល្យ និងសមត្ថភាពរបស់គាត់ដែរ ហើយការសម្តែងមួយនេះ ពិតជាគួរឱ្យស្ញប់ស្ញែងមែន។ សង្ឃឹមថាមនុស្សមានឥទ្ធិពលទាំងឡាយ នឹងព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងៗជំនាន់ក្រោយ»។
ការលើកឡើងរបស់ ឌីជេ ណាណា បានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកមួយដោយអ្នកខ្លះក៏បង្ហាញការយល់ស្របនៅការលើកឡើងនេះ ខណៈអ្នកខ្លះបានបកទៅកាន់ ឌីជេ ណាណា វិញថា រូបនាងក៏មានចំណុចខ្លះដែលគេមិនពេញចិត្តដូចគ្នា។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ សីហា ម៉ោងនៅកម្ពុជាដែលត្រូវនឹងយប់ថ្ងៃទី១១ សីហា នៅទីក្រុងប៉ារីស មហាជនមានការភ្ញាក់ផ្អើលអមដោយអារម្មណ៍មោទនភាពយ៉ាងខ្លាំងចំពោះតារារ៉េប ម៉ាន់ វណ្ណដា ដែលក្លាយជាសិល្បកររ៉េបកម្ពុជាដំបូងបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាធំបំផុតលើពិភពលោក។ ប្រវត្តិសាស្រ្តថ្មីនេះនាំមកនូវមោទនភាពពន់ពេកក្នុងការបង្ហាញវិស័យតន្រ្តីកម្ពុជាទៅកាន់ពិភពលោក ខណៈ វណ្ណដា បានស្លៀកសំលៀកបំពាក់បែបខ្មែរយ៉ាងស្រស់សង្ហានៅលើឆាកដ៏អស្ចារ្យនេះ៕










