ប្រទេសចិន៖ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Goldman Sachs បាននិយាយកាលពីពេលថ្មីៗនេះថា ចំនួនសត្វចិញ្ចឹមនៅក្នុងប្រទេសចិននឹងកើនឡើងជិតពីរដងនៃចំនួនកុមារនៅឆ្នាំ ២០៣០ ដោយសារតែមនុស្សភាគច្រើនរបស់ប្រទេសនេះមិនចង់រៀបការ និងមិនចង់មានកូនឡើយ។
នេះបើតាម CNBC ក្រុមហ៊ុន Goldman Sachs បានដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនដែលនិយាយថាចំនួនសត្វចិញ្ចឹមនៅក្នុងតំបន់ទីក្រុងរបស់ប្រទេសនឹងកើនឡើងដល់ ៧០ លាននៅចុងទសវត្សរ៍នេះ ខណៈដែលចំនួនកុមារអាយុក្រោម ៤ ឆ្នាំគឺអាចនឹងមានតិចជាង ៤០ លាននាក់។
ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះប្រទេសចិនកំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះខ្លាំង ដោយសារយុវវ័យជំនាន់ក្រោយនេះគឺមិនមាននរណាចង់រៀបការឡើយ ហើយក៏មិនមាននរណាចង់មានកូនដែរ ទោះបីប្រទេសនេះព្យាយាមកែសម្រួល លើកទឹកចិត្ត ឬឧបត្ថម្ភប្រាក់ជាច្រើនសម្រាប់ឪពុកម្តាយដែលមានកូនក៏ដោយ ក៏ប្រទេសចិននៅតែប្រឈមនឹងបញ្ហាស្មុគស្មាញទាំងនេះ។ បច្ចុប្បន្នអត្រាកំណើតនៅក្នុងប្រទេសចិនបានថយចុះជាប់គ្នាៗមកត្រឹម ១.៤១ ពាន់លាននាក់ (ធ្លាក់ចុះ ២.០៨ លាននាក់ធៀបនឹងឆ្នាំមុន)។ ទោះបីជាអត្រាអាពាហ៍ពិពាហ៍បានកើនឡើង ១២.៤% ក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏មនុស្សវ័យក្មេងជាងពាក់កណ្តាលដែលមានអាយុពី ២៥-២៩ ឆ្នាំនៅតែមិនទាន់រៀបការនោះទេ។
យោងតាមរបាយការណ៍ អត្រាកំណើតនៅក្នុងប្រទេសចិននឹងថយចុះជាមធ្យមប្រហែល ៤.២% ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០៣០។ ភាគច្រើននៃការថយចុះនេះនឹងមកពីស្ត្រីដែលមានអាយុពី ២០-២៥ ឆ្នាំ និងក្មេងជំនាន់ក្រោយទៀតមានទំនោរមានកូនតិចជាង ខណៈពួកគេមានផ្តោតលើការចិញ្ចឹមសត្វជាជាងចិញ្ចឹមកូន ហើយសត្វចិញ្ចឹមរបស់ប្រទេសនឹងកើនឡើងជិតពីរដងនៃចំនួនកុមារ។ ដូច្នេះបើយោងតាម Goldman Sachs ក៏បានឱ្យដឹងទៀតថា សត្វឆ្មានឹងវ៉ាដាច់សត្វឆ្កែដើម្បីក្លាយជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតរបស់ប្រទេស ដោយសារប្រជាជនចិនភាគច្រើនមានទំនោរចូលចិត្តសត្វឆ្មារជាងសត្វឆ្កែ។
ហេតុនេះឧស្សាហកម្មចំណីសត្វរបស់ប្រទេសអាចឈានដល់ ១២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៧ ស្ថានភាពនេះគឺផ្ទុយស្រឡះពីពេលដែលប្រទេសចិនមានកុមារអាយុក្រោម ៤ ឆ្នាំចំនួន ៩០ លាននាក់ ហើយចំនួនសត្វចិញ្ចឹមដែលរក្សាទុកនៅក្នុងតំបន់ទីក្រុងមានត្រឹមតែ ៤០ លានប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅឆ្នាំ ២០៣០ Goldman Sachs បានសន្និដ្ឋានថា ប្រទេសចិននឹងមានសត្វចិញ្ចឹមច្រើនជាងកុមារជិត ២ ដងដោយសត្វចិញ្ចឹមនឹងកើនឡើងដល់ ៧០ លាន ខណៈដែលចំនួនកុមារអាយុក្រោម ៤ ឆ្នាំគឺអាចនឹងមានតិចជាង ៤០ លាននាក់៕










