កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនទូកទេសចរណ៍ បានបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប។
ដើម្បីធ្វើដំណើរតាមកាណូតបាន ភ្ញៀវចរអាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ រឺអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន អង្គរ អេច ប្រ៊េស (Angkor Express Boat) និង ចាន់ណា អេច ប្រ៊េស (CHANN-NA Express Boat)។
នៅក្នុងការធ្វើដំណើរតាមកាណូតពីបាត់ដំបង ទៅសៀមរាបនេះ ត្រូវចំណាយពេលជាង៧ម៉ោង ក្នុងរយៈចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដោយភ្ញៀវទេសចរអាចគយគន់សម្រស់ផ្ទៃទឹកបឹងទន្លេសាបដ៏ស្រស់ស្អាត អមជាមួយនឹងការទស្សនា របររបស់បងប្អូនប្រជានេសាទបានផងដែរ។
ការធ្វើដំណើររយៈពេល៧ម៉ោងនេះ ក៏ដោយសារតែការរាំងស្ទះពីកំប្លោក ចាប់ពីភូមិទ្រាយ ឬវត្តឈើខ្មៅ រហូតមកដល់ភូមិព្រែកទល់។
គួរបញ្ជាក់ផងដែរថា សម្រាប់ការធ្វើដំណើររបស់ភ្ញៀវ ក៏មានក្រុមសមត្ថកិច្ចតាមឃ្លាំមើលពីសុវត្ថិភាពការពារក្រែងមានករណីណាមួយកើតមានឡើយដោយយកថាហេតុ៕










