ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងប្រទេសចិន និងប្រទេសថៃ បានកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃចំណែកទីផ្សារយ៉ាងខ្លាំងមិនធ្លាប់មាន។
យោងតាមសារព័ត៌មានបរទេស Nikkei Asia ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda និង Toyota បានកំពុងពិនិត្យមើលយុទ្ធសាស្រ្តរបស់ពួកគេនៅក្នុងទីផ្សារអាស៊ីចំនួនពីរ រួមមានប្រទេសចិន និងប្រទេសថៃ បន្ទាប់ពីការលក់នៅទីនេះបានថយចុះយ៉ាងខ្លាំង ចាប់ពីខែឧសភាដល់ខែមិថុនាមក ខណៈអ្នកប្រើប្រាស់នៅក្នុងទីផ្សារសំខាន់ៗទាំងនេះ និងជាច្រើនទៀតបានងាកទៅរករថយន្តអគ្គិសនីរបស់ចិនវិញ។
យោងតាម Nikkei Asia ក្រុមហ៊ុន Honda បានរាយការណ៍ថា ខ្លួនបានលក់រថយន្តចំនួន ២០៩,០០០ គ្រឿងនៅក្នុងប្រទេសចិនក្នុងរយៈពេល ៣ ខែធ្លាក់ចុះ ៣២% ធៀបនឹងឆ្នាំមុន។ ដូច្នោះហើយ បច្ចុប្បន្នក្រុមហ៊ុនមានគោលបំណងលក់រថយន្តត្រឹមតែ ៣.៩ លានគ្រឿងនៅទីនេះក្នុងឆ្នាំសារពើពន្ធនេះ ដែលចំនួនរថយន្តគឺតិចជាងការព្យាករណ៍ពីមុនចំនួន ២២០.០០០ គ្រឿង។ នៅក្នុងទីផ្សារប្រទេសថៃវិញ ការលក់រថយន្ត Honda, Nissan និងម៉ាកជប៉ុនបួនផ្សេងទៀតក៏ធ្លាក់ចុះផងដែរ។ 
រីឯការលក់រថយន្តរបស់ក្រុមហ៊ុន Toyota នៅក្នុងទីផ្សារប្រទេសចិនក៏បានឃើញនូវការធ្លាក់ចុះខ្លាំងផងដែរ ដោយបានធ្លាក់ចុះ ១៨% មកនៅត្រឹម ៤១១,០០០ គ្រឿង ហើយនៅក្នុងទីផ្សារប្រទេសថៃ Toyota បានកាន់កាប់ចំណែកទីផ្សារខ្ពស់បំផុត ៣៨% ក្នុងរយៈពេលប្រាំមួយខែដល់ខែមិថុនា ប៉ុន្តែលក់បានតិចជាង ១៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះចំណែកទីផ្សារនៃម៉ាកយីហោជប៉ុនទាំងពីរនេះនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ គឺមានត្រឹមតែ ១២.២% ប៉ុណ្ណោះខណៈដែលម៉ាកយីហោក្នុងស្រុកមានចំនួន ៦២% ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះរថយន្តម៉ាស៊ីនចំហេះខាងក្នុងកំពុងថយចុះពិតមែន ប៉ុន្តែសម្រាប់ទីផ្សាររថយន្តថាមពលថ្មីរបស់ជប៉ុនដូចជារថយន្តកូនកាត់ និងរថយន្តកោសិកាប្រេងឥន្ធនៈ គឺកំពុងកើនឡើងក្នុងអត្រាដែលមិននឹកស្មានដល់។ 
ហេតុនេះប្រាក់ចំណូលរបស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងតំបន់ផ្សេងទៀតបានឈានដល់ ២.២ ពាន់ពាន់លានយ៉េន (ប្រមាណ ១៥ ពាន់លានដុល្លារអាមេរិក) កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ៣២% ដល់ ២៤៥ ពាន់លានយ៉េន។ ហើយសម្រាប់ប្រាក់ចំណូលរបស់ក្រុមហ៊ុន Honda វិញនៅអាស៊ីគឺបានកើនឡើងដល់ ៩០០ ពាន់លានយ៉េន កើនឡើង ៤.៤% ទោះបីជាការលក់រថយន្តបានធ្លាក់ចុះ ២៣% មកនៅត្រឹម ២៦៤,០០០ គ្រឿងក៏ដោយ៕










