ប្រទេសដាណឺម៉ាក ៖ បើទោះជាវិស័យទេសចរណ៍បានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសនានាក្តី ប៉ុន្តែវាក៏ផ្តល់ផលប៉ះពាល់ដល់បរិស្ថានប្រទេសនោះផងដែរ ។ ហេតុនេះ ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក បានរៀបចំគម្រោងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរបរទេសដែលស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានទីក្រុង ហើយគម្រោងនេះឈ្មោះថា «CopenPay» ។
ការបង្កើតគម្រោង CopenPay នេះឡើង គឺមានគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក ដែលបណ្តាលមកពីវិស័យទេសចរណ៍ ។ អាជ្ញាធរទីក្រុង Copenhagen បានសាកល្បងគម្រោងនេះ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។
ភ្ញៀវទេសចរបរទេសដែលចូលរួមក្នុងសកម្មភាពជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ទីក្រុង Copenhagen ដូចជា ៖ ដើរប្រមូលសំរាម, ការធ្វើដំណើរដោយជិះកង់ ឬការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ (រួមមាន ៖ ជិះរថយន្តក្រុង ឬជិះរថភ្លើង) គឺពួកគេនឹងទទួលបានរង្វាន់ជាអាហារ, ភេសជ្ជៈផ្សេងៗ, កាហ្វេ និងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំដោយទីក្រុងនេះ ។
ការបង្កើតគម្រោងជួយដល់បរិស្ថានទីក្រុង គឺអាស្រ័យលើការជឿទុកចិត្ត ខណៈពលរដ្ឋដាណឺម៉ាកតែងតែជឿទុកចិត្តអ្នកដទៃ ព្រមទាំងជឿជាក់លើមនុស្សប្លែកមុខយ៉ាងខ្លាំង បើធៀបនឹងប្រទេសនានាលើពិភពលោក ។ ហេតុនេះ ភ្ញៀវទេសចរពុំចាំបាច់បញ្ជាក់ថា ខ្លួនកំពុងតែជួយការពារបរិស្ថានក្នុងទីក្រុងទេ ពួកគេគ្រាន់តែថតរូបក្នុងអំឡុងពេលកំពុងប្រមូលសំរាម ឬបង្ហាញសំបុត្រជិះរថភ្លើង ពួកគេនឹងអាចទទួលរង្វាន់ផ្សេងៗ ។
គម្រោង CopenPay ត្រូវបានបង្កើតឡើងដោយអង្គការទេសចរណ៍ទីក្រុង Copenhagen ដើម្បីលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យចេះស្រឡាញ់បរិស្ថានពិភពលោកខ្លាំងឡើង ព្រមទាំងផ្តល់រង្វាន់ដល់ភ្ញៀវទេសចរណាដែលស្រឡាញ់បរិស្ថាន ដូចជា ៖ ចូលរួមចំណែកសម្អាតទីក្រុង ឬស្ម័គ្រចិត្តធ្វើការក្នុងកសិដ្ឋានដាំបន្លែក្នុងទីក្រុងនេះ ។
ភ្ញៀវទេសចរភាគច្រើនបានគាំទ្រគម្រោងការពារបរិស្ថាន ហើយពួកគេនិយាយថា ចង់ដើរកម្សាន្តផង និងចូលរួមការពារបរិស្ថានផង បើទោះជាពុំមែនជាប្រទេសរបស់ខ្លួនក្តី ។ ប៉ុន្តែជនបរទេសខ្លះមិនឯកភាពនឹងគម្រោងនេះទេ ។
ជនទេសចរម្នាក់ធ្វើដំណើរពីទីក្រុងឡុងដ៍ ដើម្បីមកធ្វើការនៅទីក្រុង Copenhagen ប្រទេសដាណាម៉ា និយាយថា វាល្អខ្លាំងណាស់ ដែលពួកគេបានធ្វើគម្រោងជួយដល់បរិស្ថានពិភពលោក ។ ប៉ុន្តែជនបរទេសរូបនេះបដិសេធការប្រមូលសំរាមនៅតាមផ្លូវ ពីព្រោះគិតថា ខ្លួនត្រូវចំណាយពេលវេលាដើររើសសំរាមដើម្បីទទួលបានរង្វាន់បន្តិចបន្តួច ។
បើទោះជាគម្រោងលើកទឹកចិត្តភ្ញៀវទេសចរបរទេសឱ្យស្រឡាញ់ការពារបរិស្ថាននេះ ពុំបានជួយឱ្យបរិស្ថានក្នុងទីក្រុងទាំងមូលស្អាតក្តី ប៉ុន្តែអ្នករៀបចំគម្រោងនិយាយថា វានឹងអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្ស និងជាបទពិសោធន៍ដ៏សំខាន់បំផុតសម្រាប់ភ្ញៀវទេសចរពេលពួកគេត្រឡប់ទៅប្រទេសកំណើតវិញ ៕










