ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសឈ្មោះ odditycentral រាយការណ៍ថា មានស្ត្រីម្នាក់អាយុ៤៩ឆ្នាំ រស់នៅខេត្តឡុងអាន (Long An) ប្រទេសវៀតណាម បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា អ្នកស្រីមានលក្ខណៈខុសប្លែកពីមនុស្សទូទៅ គឺអ្នកស្រីដេកពុំលក់អស់រយៈពេលជាង៣០ឆ្នាំហើយ ។ ប៉ុន្តែអ្នកស្រីនៅតែមានកម្លាំងកំហែងធ្វើការទាំងថ្ងៃ ទាំងយប់ ដើម្បីឱ្យការងាររួចរាល់តាមការកុម្ម៉ង់របស់អតិថិជន ។
ស្ត្រីវៀតណាមរូបនេះឈ្មោះ Nguyen Ngoc My Kim រៀបរាប់ថា អ្នកស្រីប្រកបមុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ ហើយដោយសារអ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនឆ្នាំ ទើបធ្វើឱ្យមនុស្សម្នាជាច្រើនស្គាល់អ្នកស្រី ហើយគេដាក់ឈ្មោះអ្នកស្រីថា «ជាងដេរសម្លៀកបំពាក់ពុំធ្លាប់ដេកលក់» ។ អ្នកស្រីរីករាយដែលគេដាក់ឈ្មោះឱ្យបែបនេះ ហើយគិតថា វាជាឈ្មោះស័ក្តិសមនឹងអ្នកស្រីយ៉ាងខ្លាំង ។
អ្នកស្រីរៀបរាប់បន្តថា ជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវធ្វើការរហូតដល់យប់ជ្រៅ ដើម្បីឱ្យការងាររួចរាល់ទាន់ពេលវេលាកុម្ម៉ង់របស់អតិថិជន ហើយអ្នកស្រីបារម្ភថា បើអ្នកស្រីដេកលក់នោះ មុខជាដេរសម្លៀកបំពាក់ឱ្យអតិថិជនមិនទាន់ទេ ។ ពេលមួយ អ្នកស្រីមានអារម្មណ៍ថា អ្នកស្រីពុំចាំបាច់ដេកលក់ក៏បាន ហើយចាប់ពីពេលនោះមក អ្នកស្រីក៏ឈប់ដេករហូតមកដល់បច្ចុប្បន្ន ។.jpg)
ពីដំបូង អ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពុំត្រឹមតែធ្វើឱ្យអ្នកស្រីចង់ដេកលក់គ្រប់ពេលវេលានោះទេ ប៉ុន្តែវាធ្វើឱ្យអ្នកស្រីធ្វើការខុសឆ្គងជាច្រើនលើក ដោយសារអ្នកស្រីហត់នឿយ, អស់កម្លាំង, ឈឺក្បាល និងជួបគ្រោះថ្នាក់ផងដែរ ។ ប៉ុន្តែក្រោយពីអ្នកស្រីពុំបានដេកលក់អស់រយៈពេលជាច្រើនខែ រហូតដល់ច្រើនឆ្នាំ ភ្នែក និងរាងកាយក៏ចាប់ផ្តើមមានទម្លាប់បែបនេះ ហើយចាប់ពីពេលនោះមក អ្នកស្រីដេកពុំលក់ទេ បើទោះជាចង់ដេកយ៉ាងណាក្តី ។
គ្រូពេទ្យពុំបានបកស្រាយពីអាការៈដេកពុំលក់របស់អ្នកស្រី Nguyen Ngoc ទេ ប៉ុន្តែអ្នកស្រីបានក្លាយជាមនុស្សល្បីល្បាញម្នាក់នៅប្រទេសវៀតណាម ដោយសារការដេកពុំលក់ ។ អ្នកស្រីអះអាងថា មនុស្សម្នាបានឃើញអ្នកស្រីធ្វើការទាំងថ្ងៃ ទាំងយប់ ពីព្រោះផ្ទះអ្នកស្រីបានបើកអំពូលភ្លើងគ្រប់ពេលវេលា ហើយទ្វារផ្ទះក៏បើករហូតដែរ ។ ហេតុនេះ មនុស្សម្នាអាចដើរចូលផ្ទះអ្នកស្រីបាន ឬមកមើលអ្នកស្រីធ្វើការក៏បានដែរ បើពួកគេចង់មើល ៕










