ចុងក្រោយនេះសង្គ្រា.ម Rapper ជំនាន់ថ្មីបានធ្វើឱ្យមានការចាប់អារម្មណ៍មិនតិចនោះទេក្នុងចំណោមយុវវ័យមានការ Diss គ្នាពី Vanno GMENGz KAN ខណៈពេលនេះ Emi ចេញមករ៉េប FREESTYLE ស្តាប់ទៅធម្មតាតែមិនធម្មតាដោយបង្ហើបប្រយោគថា «ចាយលុយខ្លួនឯងមិនដែលចាយលុយស្រី»។
ប្រិយមិត្តអ្នកតាមដានវិស័យរ៉េបជ្រាបមកហើយថា អតីតបេក្ខភាព The Rapper Cambodia កូនក្រុមរបស់ នរិទ្ធ មានដូចជា Vanno GMENGz KAN បានចេញមក Diss គ្នាដែលបានធ្វើឱ្យក្លាយជាប្រធានបទវែកញែកយ៉ាងច្រើនពីបណ្តាញសង្គម។ ទោះយ៉ាងណា បន្ទាប់ពីមានការ Diss តបតពីសំណាក GMENGz KAN ភាគីខាង Vanno បានចេញមកបង្ហោះសំណេរបកស្រាយពី១០០ដុល្លារមិនទាន់សងគេ សុំនៅរៀងខ្លួនមិនចង់មានរឿងជាមួយអ្នកណា និងមិនចង់ឱ្យប៉ះពាល់កន្លែងធ្វើការ។
យ៉ាងណាមិញនៅថ្ងៃទី១ សីហា Emi និយមលេងស្តាយ៍ដាក់ក្រាស់សិតសក់លើក្បាលបានទម្លាក់បទ FREESTYLE «ទេពកោសល្យ» ស្តាប់ទៅធម្មតាតែមិនធម្មតាឡើយ។ ក្នុងអត្ថន័យបានរៀបរាប់ជាបន្តបន្ទាប់ទាំងជា Rapper ក៏ស្ពាយកាតាបទៅសាលា និងថែមទាំងចូលចិត្តលេងកីឡាទាត់បាល់ទៀត។ Emi ក៏បានរ៉េបដែរថា ពីមុនផ្សេងឥឡូវផ្សេងអ្នកណាមិនប្រឹងមិនបាននោះទេ របស់ល្អគេតាមរកមិនចាំបាច់អង្វរ។
Emi ក៏បាននិយាយពីមេរៀនជីវិត ពេលខ្លះពិតមិនដូចជាការគិត ខ្លះពិតដូចជាមិនពិត ខ្លះមិនពិតដូចជាពិត មានអេបអរ មានឈូឆរ ខ្លះចេះតែ ក ខ ហៅខ្លួនឯងបណ្ឌិត មានអ្នកអន់ចិត្តតូចចិត្តរឿងខ្លះ។
Rapper រូបនេះក៏បានលើកឡើងដែរថា ខ្លួនមានអាយុវែងមិនសូវគិតរឿងល្បី ហើយចាយលុយខ្លួនឯងមិនដែលចាយលុយស្រីនិងបង្ហើរប្រយោគដែរថាលេងបាល់សុខៗមានអ្នកកើតទុក្ខកើតសរសៃប្រាសាទ មិនដឹងថាជាប្រយោគចង់សម្តៅទៅកាន់ Vanno វិញឬយ៉ាងណាទេ។
គួរបញ្ជាក់ផងដែរថា វាបានក្លាយទៅជាប្រធានបទក្នុងចំណោម Rapper ជំនាន់ថ្មី បន្ទាប់ពី Vanno បានទម្លាក់បទ អយុត្តិធម៌ កាលពីកន្លងមកនេះគ្មានខ្នងគ្មានសែ ស៊ូធ្លាក់ដោយសមត្ថភាពមិនជាប់ព្រោះសែ។ ក្នុងបទចម្រៀងក៏បានលើកឡើងពីឃ្លាពួកម៉ាកទាំងបី ដែលអំឡុងពេលប្រកួត Vanno Emi និង Kan។ ក្រោយមក GMENGz KAN បានចេញមក diss vanno វិញ៕










