ប្រទេសជប៉ុន ៖ ជប៉ុន គឺជាប្រទេសមួយដែលមានពលរដ្ឋពូកែច្នៃប្រឌិតគ្រប់បែបយ៉ាង ដូចជា ៖ ម្ហូបអាហារ, ការទុកដាក់សម្លៀកបំពាក់, ការរស់នៅ, ភាពស្មោះត្រង់ និងការនិយាយស្តី ។ ថ្ងៃនេះ សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីការសាងសង់ និងរចនាម៉ូដផ្ទះរបស់គ្រួសារជប៉ុន បើទោះជាផ្ទះនេះមានទំហំតូចក្តី ប៉ុន្តែវាគួរឱ្យចង់រស់នៅ ។ ចំណុចសំខាន់ គឺពួកគេបានប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។
ទីក្រុងតូក្យូរបស់ជប៉ុនមានពលរដ្ឋរស់នៅច្រើនបំផុតលើពិភពលោក ហើយដោយសារការខ្វះខាតទីធ្លា ទើបធ្វើឱ្យយុវជនសម័យថ្មីនៅទីក្រុងនេះនិយមសាងសង់ផ្ទះមានទំហំតូចៗ ឬហៅថា Kyosho Jutaku កាន់តែច្រើន ។ ការរស់នៅផ្ទះតូចអាចឱ្យពួកគេកាត់បន្ថយការចំណាយដើមទុនសាងសង់ និងមានភាពសមស្របសម្រាប់ការរស់នៅទីក្រុង ។
ជាមួយគ្នានេះ ផ្ទះតូចៗជាច្រើនត្រូវបានសាងសង់ឡើងប្រកបដោយភាពឆ្លាតវៃ គួរឱ្យចង់រស់នៅ និងអាចប្រើប្រាស់ទីធ្លាដ៏តូចចង្អៀតឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ ហេតុនេះ ពួកគេអាចរស់នៅក្នុងផ្ទះយ៉ាងកក់ក្តៅ និងរីករាយ បើទោះវាពុំមែនជាផ្ទះធំក៏ដោយ ។
ផ្ទះតូចដែលលោកអ្នកបានឃើញនេះ គឺមានកម្ពស់៣ជាន់ មានរូបរាងប្លែក ដែលបានសាងសង់នៅលើភ្នំមួយប្រកបដោយការរចនាម៉ូដយ៉ាងស្រស់ស្អាត ។ វាផ្ទះរបស់គូស្វាមី-ភរិយាចូលនិវត្តន៍ពីការងារ គឺលោក កូដាក់ហ្វូមិហុ និងអ្នកស្រី មីជិកុ រស់នៅជាមួយកូនប្រុស ។
នៅជាន់ទី២ របស់ផ្ទះនេះ គឺជាបន្ទប់ទទួលភ្ញៀវ និងចង្ក្រានបាយ ដែលមានទ្វារកញ្ចក់សម្រាប់ទទួលពន្លឺថ្ងៃយ៉ាងបើកចំហ ទើបធ្វើឱ្យបន្ទប់នេះមើលទៅកាន់តែធំទូលាយ ។ យើងអាចមើលទេសភាពផ្លាស់ប្តូរតាមរដូវកាលនៅខាងក្រៅតាមកញ្ចក់ផ្ទះ ។ 
ចំណែកជាន់ទី៣ គឺមានទំហំស្មើនឹងជាន់ទី២ ដែលជាបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកស្រី មីជិកុ សម្រាប់ផាត់ពណ៌គំនូរ និងមើលទេសភាព ។ នៅក្បែរនេះ គឺជាបន្ទប់សម្រាករបស់អ្នកស្រី និងស្វាមី ប៉ុន្តែពួកគេពុំប្រើប្រាស់គ្រែទេ ដើម្បីឱ្យបន្ទប់នេះមានទីធ្លាទូលាយអាចធ្វើការងារផ្សេងបាន ។ រីឯផ្នែកខាងលើជាបន្ទប់អានសៀវភៅរបស់លោក កូដាក់ហ្វូមិហុ ដែលមានគ្រែតូចមួយទុកឱ្យលោកសម្រាក ។
នៅជាន់ទី១ មានទីធ្លាតិចជាងជាន់ផ្សេងៗ ប៉ុន្តែវាជាជាន់មានការតុបតែងច្រើនបំផុតក្នុងផ្ទះនេះ ហើយនៅជាន់ក្រោមនេះ មានបន្ទប់សម្រាករបស់កូនប្រុសគូស្វាមី-ភរិយា ។ ការតុបតែង និងការសាងសង់ផ្ទះនេះបានធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ។
កាលពី២០ឆ្នាំមុន គូស្វាមី-ភរិយានេះបានសម្រេចចិត្តទិញដីលើភ្នំ ប៉ុន្តែវាមានទីធ្លាតូចចង្អៀតប៉ុណ្ណោះ ដែលរឹងមាំអាចសាងសង់ផ្ទះបាន ។ ហេតុនេះ គូស្វាមី-ភរិយាក៏បានពិភាក្សាជាមួយ សាកាណុ យ៉ូស៊ិណូរិ ជាអ្នកជំនាញសាងសង់ផ្ទះទំហំតូចៗ ។ បើទោះជាពីដំបូង វាជាការងារលំបាកសម្រាប់ សាកាណុ ប៉ុន្តែអ្នកជំនាញរូបនេះមានវិធីដោះស្រាយដើម្បីអាចសាងសង់ផ្ទះលើភ្នំបាន ដោយការបុកគ្រឹះផ្ទះឱ្យរឹងមាំសម្រាប់ទ្រទ្រង់ទម្ងន់ផ្ទះជាន់លើ ។
ក្រៅពីនេះ អ្នកជំនាញក៏មានគំនិតប្រើប្រាស់ទីធ្លាជុំវិញ ឬក្នុងផ្ទះផងដែរ ដើម្បីឱ្យគ្រួសារនេះរស់នៅយ៉ាងរីករាយ ដូចជា ៖ ការធ្វើជណ្តើរកណ្តាលផ្ទះដើម្បីងាយស្រួលឡើងទៅបន្ទប់ផ្សេងៗ ហើយនៅចន្លោះជណ្តើរមានពន្លឺថ្ងៃចូលទាំងមូល ។ លើសពីនេះ ក៏មានបន្ទប់ក្រោមដីសម្រាប់ឱ្យម្ចាស់ផ្ទះសម្រាកគេចពីអាកាសធាតុក្តៅក្នុងរដូវប្រាំង ៕










