ទំនប់ដូនទ្រី ដែលមានទីតាំងស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានពលរដ្ឋនៅស្រុករុក្ខគីរីនិងស្រុកមោងឫស្សី ចាត់ទុកជាសមិទ្ធិផលដ៏ល្អឯកមួយ មិនធ្លាប់មានពីមុនមក។
បច្ចុប្បន្នទំនប់នេះ សម្រេចការសាងសង់បាន៨០ភាគរយជាងហើយ ដោយគ្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ក្រោយចំណាយពេល៩០ខែ ផ្តើមចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។
ទំនប់ដូនទ្រីមានលទ្ធភាពផ្គត់ផ្គង់ទឹក លើផលិតផលកសិកម្មបានប្រមាណ ៣៣ ០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤ ៥០០ ហិកតា នៅរដូវប្រាំង។
ទំនប់នេះ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ ខ្នងលើទទឹង ៨ម៉ែត្រ កម្ពស់៦០ម៉ែត្រពីបាតទំនប់ និងមានប្រវែង ៦៥៤ម៉ែត្រ និងសំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ ដែលអាចដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។
ដោយឡែក រូងទូនេលពង្វៀងទឹក មានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត ៤ម៉ែត្រ ប្រវែង ៤៦២ម៉ែត្រ។ រីឯសំណង់គ្រប់គ្រងទឹក ជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ មានទ្វារទឹកចំនួន ៥ ក្នុងនោះ ទំហំ ២,២ម x ២,២ម ចំនួន ៤ទ្វារ និងទំហំ ៤ម x ៤ម ចំនួន ១ទ្វារ និង ស្ពានសម្រាប់ឆ្លងទៅប៉មគ្រប់គ្រងទ្វារទឹក ប្រវែង ៥៥ម៉ែត្រ ទទឹង ៣ម៉ែត្រ៕










