នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកម្សាន្ត Central.X ដោយបានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង បាញ់ឡើងលើ០១គ្រាប់។
ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ជាមេធាវី និងមានគោរម្យងារជាឧកញ៉ា ត្រូវបានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួន ដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
បើតាមចម្លើយជនសង្ស័យបានសារភាពថា៖”អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ”។
ក៏ប៉ុន្តែការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។
ហេតុដូច្នេះ ជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕










