ដាប ឈួន ឬក៏គេស្គាល់ថា ឈួន ម្ចុលពេជ្រ មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងសម័យសង្គមរាស្រ្តនិយមជាស្តេចត្រាញ់ល្បីឈ្មោះនៅខេត្តសៀមរាប។

នៅដើម១៩៤០ លោក ដាប ឈួន បានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម។ លុះដល់ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ វិញ។
សម្តេចព្រះ នរោត្តម សីហនុ បានតែងតាំងលោក ដាប ឈួន ឱ្យធ្វើជានាយទាហាន មានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាប។ មិនយូរប៉ុន្មានលោក ដាប ឈួន ក៏ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិជាបន្តបន្ទាប់ រហូតដល់ជាទេសរដ្ឋមន្រ្តី, ជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងធម្មការ និងជាប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់សៀមរាប និងកំពង់ធំ។
ក្រោយមានអំណាចកាន់តែខ្លាំង លោក ដាប ឈួន បានបែកឆ្វេងដោយប្រើអំណាចកៀបសង្កត់ពលរដ្ឋ ដោយ ចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាពិសេសនៅដើមឆ្នាំ១៩៥៩ លោក ត្រូវបានជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។
ក្រោយបែកធ្លាយដំណឹងនេះ កងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការលោកឧត្តមសេនីយ លន់ នល់ បានសម្រុកចូលផ្ទះ លោក ដាប ឈួន ដើម្បីយកមកកាត់ទោស តែដោយដឹងខ្លួនមុន លោកក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃ។
តែយ៉ាងណាមិញ លោក ដាប ឈួន ក៏ត្រូវបានកងយោធពលខេមរភូមិន្ទ បាញ់ស្លាប់បាត់បង់ជីវិតនៅភូមិមួយ ពីទីរួមខេត្តសៀមរាប៕










