ព្រៃទឹកភ្លៀងអាម៉ាហ្សូន គឺជាព្រៃស្ថិតក្នុងតំបន់ក្តៅដែលមានទំហំធំបំផុតលើពិភពលោក ដោយសារវាលាតសន្ធឹងរហូតដល់៩ប្រទេសនៅទ្វីបអាមេរិកខាងត្បូង ។ ប៉ុន្តែក្នុងព្រៃនេះ មានតំបន់អាថ៌កំបាំងមួយត្រូវបានគេដាក់ឈ្មោះថា «សួនបិសាច» ហើយមានដើមឈើតែ១ពូជប៉ុណ្ណោះ ដែលអាចដុះលូតលាស់ក្នុងសួនបិសាចនេះបាន ។
ព្រៃអាម៉ាហ្សូនមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក ដោយសារព្រៃនេះមានដើមឈើរហូតដល់ជាង៩ម៉ឺន៩ពាន់លានដើម និងមានពូជឈើប្រមាណ១ម៉ឺន៦ពាន់ពូជ ។ ប៉ុន្តែក្នុងព្រៃនេះ បែរជាមានតំបន់មួយមានភាពអាថ៌កំបាំងខុសពីតំបន់ផ្សេងៗ ពីព្រោះមានដើមឈើតែ១ពូជប៉ុណ្ណោះ ដែលអាចដុះលូតលាស់ក្នុងតំបន់នេះបាន ហើយគេដាក់ឈ្មោះតំបន់នេះថា សួនបិសាច (Devil’s Garden) ។
ជនជាតិដើមភាគតិចនៅតំបន់ព្រៃអាម៉ាហ្សូន បានស្គាល់សួនបិសាចអស់រយៈពេលរាប់រយឆ្នាំហើយ ឬអាចស្គាល់តាំងពីរាប់ពាន់ឆ្នាំមុន ។ ពួកគេមានរឿងដំណាលគួរឱ្យព្រឺសម្បុរពាក់ព័ន្ធនឹងវិញ្ញាណខ្មោចអាក្រក់ថា ពួកវិញ្ញាញខ្មោចជាអ្នកដាំដើមឈើអាថ៌កំបាំងមួយប្រភេទឱ្យដុះលូតលាស់ពាសពេញព្រៃ រហូតដល់គេដាក់ឈ្មោះតំបន់នេះថា សួនបិសាច ។
តំបន់នេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងអ្នកជីវវិទ្យាជាច្រើននាក់ ដោយពួកគេឆ្ងល់ថា ហេតុអ្វីតំបន់ព្រៃដែលមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក បែរជាមានតំបន់មួយប៉ុណ្ណោះដែលមានដើមឈើតែ១ពូជអាចដុះលូតលាស់បាន? ពូជដើមឈើនេះឈ្មោះថា «Duroia Hirsuta» ។
រយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្រជឿថា ឫសរបស់ដើមឈើ Duroia Hirsuta មានសារធាតុគ្លូមឺរីស៊ីន ដែលអាចទប់ស្កាត់កុំឱ្យដើមឈើផ្សេងទៀតដុះលូតលាស់បាន ។ ប៉ុន្តែក្រោយមក អ្នកវិទ្យាសាស្ត្របានដឹងការពិតថា សារធាតុគ្លូមឺរីស៊ីនចេញពីឫសឈើ ពុំមែនជាមូលហេតុសំខាន់ទេ ។ រីឯមូលហេតុពិតប្រាកដ ដែលធ្វើឱ្យដើមឈើផ្សេងទៀតពុំអាចដុះលូតលាស់ក្នុងសួនបិសាចបាន ដោយសារសត្វស្រមោចក្រូចឆ្មារ (Lemon Ant) ដែលស្រមោចនេះមានរសជាតិជូរដូចក្រូចឆ្មារ ។
ហ្វូងស្រមោចទាំងនេះបានព្យាយាមធ្វើសំបុករបស់វាលើដើមឈើ Duroia Hirsuta ហើយវាបញ្ចេញអាស៊ីតហ្វ័រមីត ដាក់ដើមឈើផ្សេងទៀតដែលពុំមែនជាដើម Duroia Hirsuta (អាស៊ីតហ្វ័រមីត គឺជាសារធាតុកម្ចាត់ដើមឈើតាមធម្មជាតិ) ។ ហេតុនេះ ស្រមោចបានកម្ចាត់ដើមឈើផ្សេងៗ ហើយធ្វើឱ្យវាអាចធ្វើសំបុកកាន់តែច្រើននៅតំបន់នេះ គឺវាបានធ្វើសំបុកលើកូនឈើតូចៗ និងពង្រីកសំបុកទៅកូនឈើផ្សេងទៀត រហូតដល់កូនស្រមោចធំ ។
អ្នកស្រាវជ្រាវសន្និដ្ឋានថា ស្រមោចបានធ្វើសំបុកនៅតំបន់នេះប្រមាណជាង៨០០ឆ្នាំហើយ ។ បើតាមការសាកល្បងយកដើមឈើពូជផ្សេងទៅដាំក្នុងសួនបិសាច អ្នកស្រាវជ្រាវរកឃើញថា ស្រមោចចាប់ផ្តើមចាត់ការដើមឈើភ្លាមៗ ដោយពួកវាបញ្ចេញអាស៊ីតហ្វ័រមីតក្នុងស្លឹកឈើ ។ បន្ទាប់មក ដើមឈើទាំងនេះក៏ស្រពោនស្លឹក និងងាប់ក្នុងរយៈពេល២៤ម៉ោង ហើយដើមឈើភាគច្រើនរស់មិនដល់៥ថ្ងៃទេ ។
កាលពីមុន សួនបិសាច អាចមានត្រឹមតែរាជនីស្រមោចក្រូចឆ្មារ បានមកធ្វើសំបុកលើដើមឈើ Duroia Hirsuta តែ១ដើមប៉ុណ្ណោះ ។ ក្រោយមក ពួកវាក៏ចាប់ផ្តើមពង្រីកសំបុកកាន់តែច្រើនទៅៗ ។ បើតាមការវិភាគបង្ហាញថា ស្រមោចទាំងនេះបានធំលូតលាស់ប្រមាណ០,៧% ក្នុង១ឆ្នាំ ។ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីព្រៃទឹកភ្លៀងអាម៉ាហ្សូន មិនក្លាយជាព្រៃមានដើមឈើតែ១ពូជ?
ចម្លើយ គឺពេលស្រមោចពង្រីកសំបុក និងកូនចៅរបស់វាកាន់តែធំ សួនបិសាចក៏កាន់តែរីកធំឡើង លើសកម្លាំងដែលពួកស្រមោចអាចការពារការឈ្លានពានពីដើមឈើ ។ សួនបិសាច គឺជាការពិសោធន៍ឱ្យយើងឃើញថា វាអស្ចារ្យខ្លាំងណាស់ ពីព្រោះស្រមោចតូចៗអាចគ្រប់គ្រងបរិស្ថានរបស់ពួកវាបាន ។ ពួកវាបានធ្វើសំបុក និងពង្រីកតំបន់ ដោយការកំណត់ឱ្យមានដើមឈើតែ១ពូជដុះក្នុងតំបន់ ខណៈព្រៃអាម៉ាហ្សូនមានពូជដើមឈើច្រើនបំផុតលើពិភពលោក ៕










