ប្រទេសអេត្យូពី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍បាក់ដីជាច្រើនលើកនៅតំបន់ភាគខាងត្បូងប្រទេសអេត្យូពី (ស្ថិតនៅអាហ្វ្រិកខាងកើត) និងបណ្តាលឱ្យពលរដ្ឋស្លា.ប់ យ៉ាងហោចណាស់ ចំនួន២២៩នាក់ ។ អាជ្ញាធរសន្និដ្ឋានថា ចំនួនពលរដ្ឋស្លា.ប់ នឹងកើនឡើងខ្ពស់ជាងនេះទៀត ។
សារព័ត៌មានបរទេសរាយការណ៍ថា ដីបានបាក់ចំនួន២លើក នៅតំបន់ Gofa Zone ដែលជាតំបន់ភ្នំដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអេត្យូពី និងធ្វើឱ្យពលរដ្ឋស្លាប់អស់ចំនួន២២៩នាក់ កាលពីថ្ងៃទី២៣ ខែកក្កដា ។ អាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តរាប់រយនាក់កំពុងតែព្យាយាមស្វែងរកជនរងគ្រោះបន្ថែមទៀត ។
លោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បានប្រាប់សារព័ត៌មាន BBC ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យដីបាក់សង្កត់ភូមិអ្នកស្រុក កាលពីថ្ងៃទី២១ ខែកក្កដា ។ បន្ទាប់មក ក្រុមសមត្ថកិច្ច, គ្រូបង្រៀន និងអ្នកស្រុករស់នៅភូមិក្បែរនោះបាននាំគ្នាមកជួយស្វែងរកមនុស្សបាត់ខ្លួនជាមួយភ្នាក់ងារសង្គ្រោះ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែកក្កដា ដីក៏បានបាក់ម្តងទៀត ហើយសង្កត់ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ។
ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់ Gofa ឱ្យដឹងថា អាជ្ញាធរប្រមូលសាកសពបានចំនួន២២៩នាក់ ក្នុងនោះមានបុរស១៤៨នាក់ និងស្ត្រី៨១នាក់ ។ រីឯលោក ដាក់ម៉ាវី អាយ៉េល នាយកគ្រប់គ្រងតំបន់ Gofa បញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ពួកគេអាចជួយសង្គ្រោះជនរងគ្រោះបាន១០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ហើយ ។
ចំណែកលោក ហាប់តាមូ ហ្វេតេណា ជាអាជ្ញាធរក្នុងតំបន់បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ EBC របស់ប្រទេសអេត្យូពី ថា មានកុមារជាច្រើននាក់បានស្លាប់ក្នុងហេតុការណ៍នេះ ហើយលោកសន្និដ្ឋានថា ចំនួនជនរងគ្រោះនឹងកើនឡើងបន្ថែមទៀត ។
គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងរបស់ប្រទេសអេត្យូពី គឺស្ថិតក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ប្រទេសនេះ ដែលកំពុងប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែកន្លងមក ។ ហេតុនេះ វាធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារត្រូវជម្លៀសចេញពីលំនៅឋានរបស់ពួកគេទៅកាន់កន្លែងមានសុវត្ថិភាព ៕![]()










