អារ៉ាប៊ី សាអូឌីត ៖ ឪឡឹក គឺជាដំណាំមួយប្រភេទ ដែលការដាំដុះប្រើប្រាស់រយៈពេលខ្លី ឆាប់ទទួលបានផល និងចេញផ្លែនៅលើដី ។ ជាទូទៅ ឪឡឹកមានផ្លែរាងមូល ឬរាងស៊ីឡាំង ហើយមានសំបករឹង ។ រីឯសាច់របស់វាវិញ គឺពណ៌ក្រហម និងពណ៌លឿង ហើយឪឡឹកខ្លះមានសំបកឆ្នូតៗ និងខ្លះទៀតគ្មានឆ្នូត ។.jpg)
ចំណែកសាច់ឪឡឹកមានគ្រាប់ពណ៌ខ្មៅនៅខាងក្នុង ហើយពូជឪឡឹកខ្លះទៀត គ្មានគ្រាប់ទេ ។ នៅខែកក្កដា ឆ្នាំ២០២៤ នេះ មានការចែកចាយរូបភាពឪឡឹកនៅអារ៉ាប៊ី សាអូឌីត ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមនាពេលនេះ ដោយសារតែអ្នកប្រើប្រាស់បណ្តាញសង្គមបានឃើញឪឡឹករបស់អារ៉ាប៊ី សាអូឌីត មានគុណភាពល្អ និងខុសប្លែកពីឪឡឹករបស់ប្រទេសនានា ។ រូបភាពក្នុងបណ្តាញសង្គមបង្ហាញថា ផ្លែឪឡឹកនៅអារ៉ាប៊ី សាអូឌីត មានរាងធំៗ វែងៗ ពណ៌ស្អាតតាមធម្មជាតិ និងគ្មានគ្រាប់ ។
.jpg)
អ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា អារ៉ាប៊ី សាអូឌីត អាចដាំឪឡឹកបានធំៗល្អជាងប្រទេសផ្សេង ហើយពួកគេចង់បានពូជឪឡឹកនេះមកដាំនៅប្រទេសរបស់ខ្លួន ។ ពលរដ្ឋនៅប្រទេសនានានិយមទិញឪឡឹកមកបរិភោគនៅរដូវក្តៅដើម្បីបំបាត់ការស្រេកទឹក ដោយសារឪឡឹកបានផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់សុខភាព ។ ដូច្នេះ ពួកគេចាប់អារម្មណ៍នឹងឪឡឹកនៅអារ៉ាប៊ី សាអូឌីត យ៉ាងខ្លាំង និងចង់ដឹងពីវិធីដាំដុះ ។.jpg)
បើតាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ឪឡឹកមានគុណសម្បត្តិអាចជួយព្យាបាល និងការពារការកើតជំងឺផ្សេងៗ ព្រមទាំងជួយកាត់បន្ថយការខ្វះខាតជាតិទឹកក្នុងរាងកាយផងដែរ ដោយសារផ្លែឪឡឹកនីមួយៗផ្ទុកនូវជាតិទឹកយ៉ាងច្រើន គឺស្មើរហូតដល់៩០% ។
ជាក់ស្តែង ឪឡឹកទុំ ស្មើចំនួន១០០ក្រាម វាមានជាតិទឹកចំនួន៩១.៤មីលីលីត្រ ។ ហេតុនេះ ការបរិភោគឪឡឹកលមានជាតិទឹកច្រើន វានឹងជួយឱ្យរាងកាយមានសំណើម និងធ្វើឱ្យប្រព័ន្ធផ្សេងៗរបស់រាងកាយដំណើរការបានល្អ ។ ក្រៅពីនេះ ការបរិភោគឪឡឹក ក៏អាចជួយកាត់បន្ថយការកើតជំងឺមហារីក, ជួយថែរក្សាស្បែក និងផ្តល់នូវវីតាមីន C ផងដែរ ៕










