កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា កម្ពុជា និងថៃបានធ្វើកិច្ចប្រជុំសហការជំរុញវិស័យទេសចរណ៍របស់ប្រទេសទាំងពីររួមគ្នា ដើម្បីឱ្យប្រទេសទាំងពីរឈានទៅសម្រេចគោលដៅទេសចរណ៍តែមួយ ។ ហេតុនេះ ពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតំបន់អាស៊ាន ពួកគេនឹងអាចមកកម្សាន្តនៅកម្ពុជា និងថៃ ។.jpg)
មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលថៃលើកឡើងថា គណៈរដ្ឋមន្ត្រីថៃបានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសថៃ និងកម្ពុជា លើកទី៣ ចំនួន២ច្បាប់ តាមការស្នើសុំរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ថៃ និងកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងបាងកក ។.jpg)
ក្រសួងទេសចរណ៍ និងកីឡាថៃ បានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍របស់ថៃ និងកម្ពុជា លើកទី៣ គឺផែនការសកម្មភាពរួមសម្រាប់កិច្ចសហការវិស័យទេសចរណ៍ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ។ វាជាផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគាំទ្រឱ្យភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសទាំងពីរ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច ឬអូស្ត្រាលីមកលេងនៅកម្ពុជា រួចទៅថៃបន្ត ឬភ្ញៀវទេសចរមកលេងនៅថៃ រួចទៅកម្ពុជាបន្ត ។.jpg)
កិច្ចសហការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ មានចំនួន៥ចំណុច ដូចជា ៖
១-កិច្ចសហការ និងទំនាក់ទំនងឆ្លងព្រំដែនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរឆ្លងព្រំដែន
២-ការលើកកម្ពស់វិស័យទេសចរណ៍ និងទីផ្សាររួមគ្នា នៅក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»
៣-ការអភិវឌ្ឍសមត្ថកិច្ចធនធានមនុស្សផ្នែកទេសចរណ៍
៤-ការអភិវឌ្ឍគុណភាពទេសចរណ៍ និង
៥-ការវិនិយោគផ្នែកទេសចរណ៍ ។.jpg)
កិច្ចប្រជុំទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លើកទី៣ នេះ មានគោលដៅសំខាន់ៗ ដូចជា ៖ ការលើកកម្ពស់ និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស, ផ្លូវសមុទ្រ និងផ្លូវគោក ពីព្រោះកម្ពុជា និងថៃ អាចធ្វើដំណើរទៅមករកគ្នាបានគ្រប់ច្រក ដោយសារប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានគម្រោង និងយុទ្ធសាស្ត្រទីផ្សារ ស្ថិតក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១», ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកទេសចរណ៍ និងគាំទ្រការផ្លាស់ប្តូរធនធានមនុស្សផ្នែកទេសចរណ៍ទៅវិញទៅមក ក៏ដូចជាការអភិវឌ្ឍគុណភាព និងការវិនិយោគផ្នែកទេសចរណ៍របស់សហគ្រិន ។
សារព័ត៌មានថៃបញ្ជាក់ថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺប្រទេសទាំងពីរមានគោលបំណងសហការគ្នាផ្នែកទេសចរណ៍ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់ និងគោលនយោបាយផ្សេងៗ ។ គោលដៅរបស់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកតំបន់អាស៊ាន គឺពួកគេចង់មកទីក្រុងបាងកក, ខេត្តភូកេត និងឈៀងម៉ៃ បន្ទាប់មក ពួកគេក៏បន្តដំណើរមករាជធានីភ្នំពេញ និងទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប ៕










