ពណ៌នៃរថយន្តគឺជារឿងមួយដ៏សំខាន់ ព្រោះវាក៏អាចទាក់ទាញចិត្តបក្សីឱ្យមកបន្ទោបង់នៅលើរថយន្តយើងផងដែរ។ លាមកបក្សី ទោះបីជាបញ្ហាតូចមួយក៏ដោយ ក៏វាអាចបង្កឱ្យមានភាពតានតឹង និងរំខានដល់ម្ចាស់រថយន្ត ព្រោះក្រៅពីធ្វើឱ្យរថយន្តមើលទៅកខ្វក់ ក៏អាចបណ្តាលឱ្យខូចខាតដល់ថ្នាំលាបរថយន្តផងដែរ។ ហេតុនេះប្រសិនបើអ្នកមិនចង់ឱ្យរថយន្តប្រឡាក់លាមកបក្សីញឹកញាប់ សូមកុំទិញឡានពណ៌ទាំងនេះឱ្យសោះ។
បើយោងតាម Hal fords ដែលជាអ្នកចែកចាយគ្រឿងបរិក្ខាររថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស បានបង្ហាញពីលទ្ធផលនៃការស្ទង់មតិលើអ្នកប្រើប្រាស់រថយន្តចំនួន ១,១៤០ នាក់ បានរកឃើញថា រថយន្តពណ៌ “ក្រហម” ភាគច្រើនគឺមានឱកាសខ្ពស់បំផុតក្នុងការបន្សល់ទុកនូវស្នាមប្រឡាក់ពីលាមកសត្វ និងពិបាកក្នុងការលាងសម្អាតណាស់។ បន្ទាប់មកគឺរថយន្ត “ពណ៌ខៀវ” និង “ពណ៌ខ្មៅ” ស្ថិតនៅលំដាប់ទី ២ ទី ៣ រៀងគ្នា ដោយវាមានឱកាសខ្ពស់បំផុតនៃការប្រឡាក់។
ជាការពិតណាស់ បក្សីនឹងជ្រើសរើសបន្ទោបង់លើឡានដែលទើបតែលាងថ្មីៗ នេះគឺដោយសារតែពួកវាអាចមើលឃើញពីពន្លឺដ៏ភ្លឺចែងចាំងរបស់រថយន្ត។ ដូច្នេះស្រមោលងងឹតនៃពណ៌រថយន្តដូចជា ខ្មៅ ក្រហម ខៀវ គឺជាពណ៌បង្កើនការឆ្លុះបញ្ចាំង និងធ្វើឱ្យក្រុមបក្សីមើលឃើញកាន់តែច្បាស់ ជាជាងឡានពណ៌ស។ ហេតុនេះវាមានឱកាសច្រើនដើម្បីទម្លាក់លាមកមកលើឡានពណ៌ទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ រថយន្តមិនមែនស្ថិតតែលើពណ៌តែមួយប៉ុណ្ណោះទេ វាក៏ទាក់ទងអំពីទីតាំងដែលម្ចាស់រថយន្តចតផងដែរ ជាពិសេសនៅក្រោមដើមឈើ ដំបូល ឬបន្ទះឈើជាដើម។ 
ការស្ទាបស្ទង់មតិក៏បានរៀបរាប់ពីវិធីសម្អាតកាកសំណល់សត្វស្លាបនៅលើតួរថយន្តដែរ ដោយមានតែ ១៧% បាននិយាយថា ពួកគេបានលាងរថយន្តចេញ នៅពេលឃើញកាកសំណល់របស់សត្វស្លាបភ្លាមៗ ហើយ ២០% បាននិយាយថាពួកគេនឹងលាងចេញក្នុងរយៈពេល ២-៣ ថ្ងៃ។ Autoglym ដែលជាម៉ាកយីហោដ៏ល្បីមួយរបស់ក្រុមហ៊ុនផលិតប៉ូលារថយន្តបានបញ្ជាក់ថា មូលហេតុដែលថ្នាំលាបរថយន្តនឹងត្រូវខូចខាតដោយសារលាមកបក្សី គឺដោយសារតែដំណក់ទឹករបស់បក្សីមានសារធាតុគីមីខ្ពស់ ដែលធ្វើឱ្យទឹកថ្នាំលាបរថយន្តចុះខ្សោយ ហេតុនេះអ្នកគួរទុកដាក់រថយន្តឱ្យមានរបៀប និងទិញរថយន្តត្រូវមើលពណ៌ផង៕










