សេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការរកឃើញសម្បុកក្រពើភ្នំ សរុបចំនួន៥ នៅឯឧទ្យានជាតិជួរភ្នំក្រវាញ ហើយក៏បានភ្ញាស់ពងដោយជោគជ័យចំនួន ៦០ ពងកាលពីពេលថ្មីនេះ ក៏ទទួលបានការចាប់អាម្មណ៍ព្រោងព្រាតពីសំណាក់មហាជន ល្បីរន្ទឺដល់ក្រៅប្រទេស មានសារព័ត៌មានអន្តរជាតិធំៗជាច្រើនចុះផ្សាយជាហូរហែរ ក្នុងនោះគឺរួមមានសារព័ត៌មាន CNN, BBC, 1New, Xinhua ជាដើម។ 
សារព័ត៌មានដ៏ល្បីមួយរបស់សហរដ្ឋអាមេរិកគឺ CNN បានចុះផ្សាយថា ពងក្រពើភ្នំចំនួន ៦០ ពង បានភ្ញាស់នៅជួរភ្នំក្រវាញនៃប្រទេសកម្ពុជា ជាក្តីសង្ឃឹមនាពេលអនាគតកាលចំពោះសត្វដែលជិតផុតពូជប្រភេទនេះ ខណៈវាក៏ជាព្រឹត្តិការណ៍បង្កាត់ពូជដ៏ធំបំផុតដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្រ្តក្នុងសតវត្សនេះផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ពងក្រពើភ្នំ ចំនួន ៥ សំបុក មានពងសរុបចំនួន ១០៦គ្រាប់ ត្រូវាបានគេរកឃើញនៅឯឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមានចំនួន៦៦គ្រាប់។ សំបុកទាំងនោះត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍ មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។
យ៉ាងណាមិញ សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល៕










