សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា ក្នុងបរិវេណវត្តរាជបូណ៌ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ។
សារមន្ទីរនេះ សាងសង់ឡើងដោយប្រើប្រាស់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦,៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដោយគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ។
ការសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នោះឡើង គឺដើម្បីបំផុសស្មារតីឱ្យសិស្សានុសិស្ស អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្រលាញ់ ថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ លើកតម្កើង ទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់ ព្រមទាំងដើម្បីរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង ភ្លុក ថ្ម សរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ៕










