ទីក្រុង Barcelona របស់ប្រទេសអេស្ប៉ាញ និងកោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានតវ៉ាបណ្តេញភ្ញៀវទេសចរចេញពីតំបន់ ដោយសារកំណើនភ្ញៀវទេសចរលើសលប់ពេក ធ្វើឱ្យអ្នកស្រុកតានតឹង។
យោងតាមលោក Sandiaga Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នេះថា ប្រជាជននៅលើកោះបាលីបានចាប់ផ្តើមតវ៉ាបណ្តេញអ្នកទេសចរចេញពីតំបន់ខ្លួន ដែលនេះមិនខុសគ្នាពីប្រជាជនក្នុងទីក្រុង Barcelona ប៉ុន្មានទេ ដោយពួកគេបានដើរតាមផ្លូវដើម្បីតវ៉ា បាញ់កាំភ្លើងទឹកដាក់អ្នកទេសចរ និងបានព្យួរបដាម្តងហើយម្តងទៀតជាមួយនឹងពាក្យបញ្ជូនអ្នកទេសចរទៅផ្ទះវិញ។ 
បញ្ហានេះត្រូវបានលើកឡើងក្នុងបរិបទដែលមេដឹកនាំឧស្សាហកម្មទេសចរណ៍ អ្នកនយោបាយ និងក្រុមសហគមន៍ជាច្រើននៅកោះបាលីបានដឹងថាកោះនេះមានមនុស្សចង្អៀត។ ប្រសិនបើបន្ថែមភ្ញៀវទេសចរទៀត នោះអ្នកស្រុកនឹងមានភាពតានតឹង ហើយអាចធ្វើសកម្មភាពអវិជ្ជមានណាមួយលេចឡើងទៅលើភ្ញៀវទេសចរ។ លោក Sandiaga Uno បាននិយាយថា បញ្ហានេះចាំបាច់ត្រូវបង្កើតតុល្យភាពរវាងតម្រូវការរបស់ប្រជាជនក្នុងតំបន់ និងបំណងប្រាថ្នារបស់ភ្ញៀវទេសចរ ដើម្បីជៀសវាងការចង្អៀតណែន និងអរិភាពចំពោះឧស្សាហកម្មទេសចរណ៍។ 
ដូច្នេះសកម្មភាពទេសចរណ៍ចាំបាច់ត្រូវចែកចាយឱ្យស្មើគ្នានៅទូទាំងកោះ។ លោក Sandiaga Uno បានបន្តទៀតថា យើងនឹងជំរុញការវិវឌ្ឍនៃការសាងសង់ផ្លូវធំតភ្ជាប់កោះបាលីខាងកើតជាមួយកោះបាលីខាងលិចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុនេះនឹងជួយឱ្យអ្នកទេសចរមិនទៅលេងកោះបាលីខាងត្បូងទៀតទេ។ ជាការពិតណាស់វិស័យទេសចរណ៍គឺជាកត្តាជំរុញសេដ្ឋកិច្ចជាតិយ៉ាងសំខាន់បំផុត ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានបំណងចង់ពង្រឹងច្បាប់បន្ថែមទៀតទៅលើភ្ញៀវទេសចរណាដែលមានអាកប្បកិរិយាមិនល្អត្រូវតែទទួលទណ្ឌកម្ម។

គួរបញ្ជាក់ដែរថា នៅឆ្នាំ ២០២៣ កោះបាលីបាននិរទេសជនបរទេសចំនួន ៣៤០ នាក់ កើនឡើងពី ១៨៨ នាក់ក្នុងឆ្នាំ ២០២២ ភាគច្រើនមកពីសហរដ្ឋអាមេរិក រុស្ស៊ី ចក្រភពអង់គ្លេស និងនីហ្សេរីយ៉ា សម្រាប់ការរំលោភបំពានដូចជា ការស្នាក់នៅលើសម៉ោង ការងារខុសច្បាប់ និងការស្លៀកពាក់រសើបនៅកន្លែងពិសិដ្ឋ។ យោងតាមលោក Uno កោះបាលីត្រូវការតែអ្នកទេសចរដែលមានគុណភាពខ្ពស់ជំនួសឱ្យបុគ្គលដែលមិនគោរពច្បាប់ និងវប្បធម៌ក្នុងស្រុក៕










