រី ស្រីណេត លំដាប់រងទី១ Miss Grand Cambodia 2024 ដែលតំណាងឱ្យខេត្តស្វាយរៀងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍និងចូលចិត្តយ៉ាងច្រើនបើទោះបីនេះជាលើកដំបូងក្នុងវិស័យបវរកញ្ញាក្តីប៉ុន្តែនាងធ្វើបានយ៉ាងល្អ។ ចប់ការប្រកួត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទម្លាយពីភាពល្អរបស់ ស្រីណេត ជាមនុស្សដែលមានសណ្តានចិត្តល្អ តស៊ូ បើដឹងពីប្រវត្តិលំដាប់រងទី១រូបនេះទៀតកាន់តែអាណិតនាងខ្លាំង ហើយ រី ស្រីណេត គឺជាអ្នកជួយបង្ហាត់ការសម្តែងដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ផងដែរពេលនាងទើបប្រឡូកចូលវិស័យសម្តែងជាតួថ្មី។
តាមរយៈការ live មួយកាលពីពេលថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia2022 បាននិយាយពី រី ស្រីណេត ដែលមានគណនីហ្វេកប៊ុក Ry lyna លំដាប់រងទី១ Miss Grand Cambodia 2024 ថាអ្នកទាំងពីរបានស្គាល់គ្នាជាយូរមកហើយដោយសារដើរលើវិថីសិល្បៈដូចគ្នា។ អំឡុងពេលថតរឿង «មហិច្ឆតា» ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានៅពេលនោះជាការសម្តែងដំបូងរបស់ខ្លួនហើយនាងមិនទាន់ចេះសម្តែងនោះទេ ហើយស្ទើរតែដកនាងចេញពីតួអង្គក្នុងរឿងនេះ ប៉ុន្តែទទួលបានការឱកាសពីអ្នកដឹកនាំរឿង ហើយមានកញ្ញា នី មុន្នីនាថ ជួយបង្រៀនខ្លះហើយមានតួម្នាក់ទៀតចិត្តល្អខ្លាំងមែនទែនមិនដែលស្គាល់នាងសោះ នាងជាតួថ្មីវាការពិបាកក្នុងការប្រាស្រ័យទាក់ទងប៉ុន្តែគាត់ចិត្តល្អហើយម្នាក់នោះគឺជា រី ស្រីណេត ឬ រី លីណា។
Miss Grand Cambodia 2022 ថានៅពេលនោះនាងស្នើសុំការជួយបង្រៀនពីលំដាប់រងទី១រូបនេះ ហើយនាងពិតជាចិត្តល្អខ្លាំងមែនទែន ជាមនុស្សដែលមានអត្តចរិតល្អកាលនោះជួយបង្រៀននាងដោយមិនគិតពីផលតបស្នងព្រោះតែនាងគឺជាតួដែលថ្មី ការសម្តែងគឺសូន្យតែម្តង។ ស្រីណេត បានបង្រៀន ពេជ្រ វត្តីសារ៉ាវឌ្ឍី ទាំងពីការយំ ការដកដង្ហើម បង្រៀនពីការខឹងនិងការសម្តែងជាច្រើនទៀត ធ្វើឱ្យនាងមានអារម្មណ៍ថាកក់ក្តៅតែងតែគិតគូរដល់នាងទោះបីជាជាតួអង្គរបស់ខ្លួនមមាញឹកយ៉ាងណា។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាការបង្ហាត់បង្រៀនពី រី ស្រីណេត ទើបធ្វើឱ្យនាងមិនត្រូវបានគេដកចិត្តពីសាច់រឿងហ្នឹង។
លំដាប់រងទី៥ Miss Grand International 2022 រូបនេះបង្ហើបទៀតថា ការពិត រី ស្រីណេត ធ្លាប់មានគេហៅទៅប្រកួតបវរកញ្ញាច្រើនប៉ុន្តែគាត់ខ្វះធនធាន មិនទាន់ត្រៀមខ្លួនរួចរាល់ ហើយឆ្នាំនេះសម្រេចចិត្តមកប្រកួតនាងក៏ភ្ញាក់ផ្អើលដូចគ្នាហើយបាន Update ខ្លួនឯងមែនទែនទៅកែប្រែចំណុចខ្វះខាតទាំងការដើរ រូបរាង ធ្វើទៅតាមកម្មវិធីដែលគេត្រូវការ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងរំភើបចិត្តខ្លាំងចំពោះលទ្ធផល លំដាប់រងទី១ Miss Grand Cambodia 2024 ហើយ រី ស្រីណេត ពិតជាពេញចិត្តចំពោះលទ្ធផល ជាមនុស្សដែលល្អពិតៗ៕










