ថ្មីៗនេះក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។
វត្តមានជ្រូកទឹកនេះ ធ្វើឲ្យយើងដឹងថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។
ជ្រូកទឹក គឺជាថនិកសត្វធំមួយដែលរស់នៅពេញមួយជីវិតរបស់វានៅក្នុងទឹកសមុទ្រ ដោយភាគច្រើនវាចូលចិត្តរស់នៅកន្លែងដែលមានទឹកក្ដៅឧណ្ហៗ រាក់ ហើយថែមទាំងមានស្មៅសមុទ្រដុះ។សត្វប្រភេទនេះ មានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។
វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ ប្រវែងទើបកើត ១-១,៥ម៉ែត្រ ពេញវ័យ ៣,៣-៤,១ម៉ែត្រ និងទម្ងន់ ទើបកើត ២៥-៣៥គីឡូក្រាម ពេញវ័យ ១០០០ គីឡូក្រាម៕










