បន្ទាប់ក្រុមជម្រើសជាតិបាល់ទាត់អេស្ប៉ាញឈ្នះជើងឯក Euro 2024 បានធ្វើឱ្យប្រទេសនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក។ យោងតាម National Geographic ដែលជាទស្សនាវដ្តីល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយពីរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងប្រទេសអេស្ប៉ាញដែលអ្នកគួរតែដឹង៖ ប្រទេសអេស្ប៉ាញមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអេស្ប៉ាញ ដែលកាន់របបរាជាធិបតេយ្យសភា ដោយមានទីក្រុងម៉ាឌ្រីដជារាជធានី និងមានប្រជាជនជិត ៤៨ លាននាក់ ហើយភាសាសំខាន់ៗក្នុងប្រទេសនេះគឺ អេស្ប៉ាញ កាតាឡាន និងកាលីសៀន។ 
យោងតាមទិន្នន័យពី Statista 2023 ភាសាអេស្ប៉ាញគឺជាភាសាដែលមានអ្នកប្រើច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោក បន្ទាប់ពីអង់គ្លេស ចិន និងហិណ្ឌូ។ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ ជាប់នឹងទ្វីបអាហ្រ្វិក ជាប្រទេសដែលមានផ្ទៃដីជាង ៥០០.០០០ km2 ក្នុងចំណោមប្រទេសធំជាងគេនៅអឺរ៉ុប។ អេស្ប៉ាញកាន់កាប់ភាគច្រើននៃឧបទ្វីប Iberian របស់អឺរ៉ុប ដែលលាតសន្ធឹងពីភាគខាងត្បូងពី Pyrenees ទៅ Strait of Gibraltar ដោយបំបែកប្រទេសនេះចេញពីទ្វីបអាហ្វ្រិក។ នៅភាគខាងកើតនៃប្រទេសអេស្ប៉ាញគឺជាសមុទ្រមេឌីទែរ៉ាណេ និងកោះ Balearic ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ 
ផ្ទៃខាងក្នុងនៃប្រទេសអេស្ប៉ាញគឺជាខ្ពង់រាប ហ៊ុព័ទ្ធដោយភ្នំ មានទន្លេហូរចូលទៅក្នុងសមុទ្រ បង្កើតដីមានជីជាតិសម្រាប់ធ្វើកសិកម្ម។ ជនជាតិអេស្ប៉ាញគឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសារការស្រឡាញ់សេរីភាព មិនសូវមានជម្លោះ ច្រើនញ៉ាំអាហារជុំ គ្រួសារ និងមិត្តភក្តិ ។ ម្ហូបបែបប្រពៃណីរបស់ប្រទេសនេះមានដូចជា tapas ឬ pintxos ដែលជាអាហារមានប្រជាប្រិយភាពបំផុត។ តន្ត្រី និងការរាំក្នុងតំបន់ដូចជា fandango និង flamenco គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌អេស្ប៉ាញ ក៏ដូចជាពិធីបុណ្យសាសនា ហើយបាល់ទាត់គឺកីឡាជាតិ។
យោងតាមស្ថិតិរបស់អង្គការយូណេស្កូ ប្រទេសនេះមានបេតិកភណ្ឌពិភពលោកច្រើនជាងគេលំដាប់ទី ៤ ដែលមានបេតិកភណ្ឌចំនួន ៥០ បន្ទាប់ពីប្រទេសអ៊ីតាលី (៥៩) ចិន (៥៧) បារាំង និងអាល្លឺម៉ង់ (ទាំង ៥២)។ ជាមួយនឹងទីក្រុងប្រវត្តិសាស្ត្រ រស់រវើក និងឆ្នេរដែលមានពន្លឺថ្ងៃ អេស្ប៉ាញបានទាក់ទាញអ្នកទេសចរកំពូលៗជាច្រើនរបស់អឺរ៉ុប បន្ទាប់ពីប្រទេសបារាំង។ នៅឆ្នាំ ២០២៣ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ៨៥ លាននាក់ កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០១៩។ 
នៅឆ្នាំ ១៩៨៦ អេស្ប៉ាញបានចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងបន្តធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ក្រៅពីវិស័យទេសចរណ៍ ឧស្សាហកម្មសំខាន់ៗផ្សេងទៀតរួមមានគ្រឿងម៉ាស៊ីន ការសាងសង់កប៉ាល់ អាហារ ភេសជ្ជៈ និងវាយនភណ្ឌ។ ដូច្នេះទិសដៅល្បីៗដែលអ្នកគួរទៅទស្សនានៅពេលមកដល់ប្រទេសអេស្ប៉ាញ យោងតាម Lonely Planet រួមមានព្រះវិហារ La Sagrada Família និង Park Güell ក្នុងទីក្រុង Barcelona ដែលជាវិចិត្រសាលសិល្បៈឈានមុខគេរបស់ពិភពលោក Museo del Prado ក្នុងទីក្រុង Madrid និងផ្សារកណ្តាល Mercado ក្នុងទីក្រុង Valencia៕










