បរទេស៖ បច្ចុប្បន្នទូរស័ព្ទចុច Nokia គឺកំពុងតែមានការពេញនិយមខ្លាំងទៅៗនៅក្នុងប្រទេសអង់គ្លេស ជាពិសេសក្នុងចំណោមយុវវ័យ និងសិស្សានុសិស្ស នៅពេលដែលពួកគេចង់កាត់បន្ថយពេលវេលារបស់ពួកគេនៅលើបណ្តាញសង្គម។
យោងតាម Business Insider មហាវិទ្យាល័យធំៗជាច្រើននៅក្នុងប្រទេសអង់គ្លេសបានចេញច្បាប់ហាមឃាត់និស្សិតមិនឱ្យប្រើស្មាតហ្វូនទំនើបនោះទេ ដោយឱ្យប្រើតែទូរស័ព្ទចុច Nokia ប៉ុណ្ណោះ។
ជាក់ស្តែងដូចជាមហាវិទ្យាល័យ Eton ដែលជាសាលាដ៏ល្បីល្បាញមួយរបស់ពិភពលោក មានបុគ្គលល្បីៗជាច្រើនរៀននៅសាលានេះដូចជា ព្រះអង្គម្ចាស់ William, Prince Harry, Tom Hiddleston ក៏ដូចជា Eddie Redmayne រួមទាំងនាយករដ្ឋមន្ត្រី David Cameron និង Boris Johnson ។ ថ្មីៗនេះបានចេញច្បាប់ហាមឃាត់សិស្សឆ្នាំទី ១ មិនឱ្យប្រើប្រាស់ស្មាតហ្វូនទំនើបៗឡើយ ដោយឱ្យប្រើតែទូរស័ព្ទចុច Nokia សម្រាប់ទាក់ទងគ្នាប៉ុណ្ណោះ។ 
ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សាលាក្នុងការធ្វើឱ្យមានតុល្យភាពរវាងបច្ចេកវិទ្យា និងការអប់រំសម្រាប់សិស្ស។ អ្នកនាំពាក្យ Eton បាននិយាយថា សាលារៀនតែងតែពិនិត្យមើលគោលការណ៍របស់ខ្លួនលើការប្រើប្រាស់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកជានិច្ច ដើម្បីវាយតម្លៃអត្ថប្រយោជន៍ និងបញ្ហាប្រឈមដែលបច្ចេកវិទ្យានាំមកជូនដល់បរិយាកាសអប់រំ។ ដូច្នេះចាប់ពីខែកញ្ញានេះតទៅ និស្សិតឆ្នាំទីមួយ នឹងតម្រូវឱ្យប្រើតែទូរស័ព្ទចុច Nokia ទាំងអស់គ្នា ហើយមិនមានអ៊ីនធឺណិតនៅក្នុងសាលានោះទេ។ 
បទប្បញ្ញត្តិថ្មីនេះគឺមានគោលបំណងកាត់បន្ថយការចូលប្រើអ៊ីនធឺណិត ជាពិសេសក្នុងអំឡុងពេលម៉ោងសិក្សា។ សាលាឯកជនមួយចំនួនក៏បានចេញបទប្បញ្ញត្តិតឹងរ៉ឹងលើការប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំសិក្សាថ្មីនេះផងដែរ។ សាលា Alley ភាគខាងត្បូងប្រទេសអង់គ្លេស ណែនាំថា ឪពុកម្តាយមិនត្រូវទិញទូរស័ព្ទទំនើបៗសម្រាប់កូនរបស់ពួកគេទេ។ នៅសាលា Brighton សិស្សថ្នាក់ទី ៦ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទដែលមានអ៊ីនធឺណិតចាប់ពីខែកញ្ញាឆ្នាំនេះផងដែរ។ ហើយសាលា Thomas ដែលជាកន្លែងសិក្សា Prince George និង Princess Charlotte ក៏មានច្បាប់ស្រដៀងគ្នានេះដែរ។
ដូច្នេះទូរស័ព្ទចុច Nokia ទាំងនេះគឺកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ជាពិសេសក្នុងចំណោមយុវវ័យ នៅពេលដែលពួកគេចង់កាត់បន្ថយពេលវេលារបស់ពួកគេនៅលើបណ្តាញសង្គម។ នេះគឺស្របតាមគោលនយោបាយថ្មីរបស់សាលាមួយចំនួនដូចជា Eton ដែលបង្ហាញពីការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការចូលប្រើអ៊ីនធឺណិតឥតឈប់ឈរលើការផ្តោតអារម្មណ៍ និងសុខុមាលភាពរបស់សិស្ស៕










