ពិធីករ វី យ៉ារ៉ូ ត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរចំពោះឥរិយាបថតារាប្រុសរូបនេះលើកដៃសំពះបង្ហាញកាយវិការសមសួនទៅកាន់ក្មេងស្រីម្នាក់ដែលយកកន្សែងត្រជាក់ជូនលោក។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិសរសើរទាំង យ៉ារ៉ូ និងក្មេងស្រីថាមានសីលធម៌ល្អហើយភាពល្អរបស់ពិធីកររូបនេះពិតជាតារាគម្រូសម្រាប់អ្នកដទៃទៀត។.png)
ថ្មីៗនេះមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមទិកតុករយៈពេល២០វិនាទីចេញពីគណនី «នីណា» ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៃចំនួនអ្នកទស្សនារាប់ម៉ឺនដង បញ្ចេញមតិរាប់រយខម្មិនទៅលើពិធីករមានឈ្មោះបោះសំឡេងម្នាក់គឺ វី យ៉ារ៉ូ។ នៅក្នុងវីដេអូនេះគេបានឃើញ ក្មេងស្រីម្នាក់បានយកកន្សែងត្រជាក់ដើរសម្តៅទៅកាន់ យ៉ារ៉ូ ដែលកំពុងស្ថិតនៅក្នុងកម្មវិធីមួយហើយ យ៉ារ៉ូ បានលើកដៃសំពះក្មេងស្រីវិញចំពោះសន្តានចិត្តល្អខណៈក្មេងស្រីរូបនេះក៏បានលើកដៃសំពះ យ៉ារ៉ូ វិញនិងហើយពិធីកររូបនេះបានឱបក្មេងស្រីនេះផងដែរ។
អ្នកពីរបាននិយាយគ្នាបន្តិចរួចហើយ យ៉ារ៉ូ បានងាកមកនិងបានលើកដៃសំពះដែលទំនងជាម្តាយរបស់ក្មេងស្រីរូបនេះ។ មិនបង្អង់យូរឡើយ យ៉ារ៉ូ បានហែកកន្សែងត្រជាក់យកប្រើប្រាស់តែម្តង។ សកម្មភាពរបស់អ្នកទាំងពីរបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរយ៉ាងខ្លាំងចំពោឥរិយាបថអ្នកទាំងពីរមានសីលធម៌ចំពោះគ្នាទៅវិញទៅមក គោរពស្រលាញ់គ្នាក្នុងនាមឈាមខ្មែរតែមួយ។
ពួកគេបានបញ្ចេញមតិថា «សីលធម៌គាត់ល្អណាស់, គួរឱ្យស្រឡាញ់ទាំងសង , B yaro គាត់សំពះអរគុណកូនស្រី មើលទៅគួរឱ្យសរសើរណាស់ ហើយកូនស្រីនោះពិតជាល្អណាស់ សំពះទៅមក នេះហើយគេហៅថាសុជីវធម៌នៃមនុស្ស មានតម្លៃណាស់, មើលហើយ ខ្ញុំញញឹមតែម្នាក់ឯង ប្អូនប្រុស មានសីលធម៌ល្អណាស់, ល្អសែនល្អរកពាក្យនិយាយមិនត្រូវ បើសិនជាខ្ញុំជាអ្នកអង្គុយក៏រំភើបដូចគ្នាប្អូនស្រីគួរឱ្យស្រឡាញ់ណាស់ និងមតិយោបល់ជាច្រើនទៀត»។
គួរបញ្ជាក់ថា ទោះបីជា វី យ៉ារ៉ូ មមាញឹកលើការងារសិល្បៈក្តីប៉ុន្តែ ពិធីកររូបនេះបានឆ្លៀតបន្តការសិក្សាថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធីសិក្សាតាមអនឡាញនិងបានទៅទទួលសញ្ញាបត្រដោយផ្ទាល់នៅប្រទេសអ៊ីតាលីកាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ៕










